យូអិន៖ទីបំផុតប្រទេសរុស្ស៊ីត្រូវបានខ្ទាតចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបន្ទាប់ពីប្រទេសជាច្រើនបានបោះឆ្នោតទម្លាក់ចំពោះការពាក់ព័ន្ធរបស់រុស្ស៊ីនៅក្នុងសង្គ្រាមនៃប្រទេសស៊ីរី។ នេះបើយោងសារព័ត៌មាន Channel News Asia ចេញផ្សាយ នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០១៦នេះ។
ជាងនេះទៅទៀតប្រទេសរុស្ស៊ីត្រូវបានអន្តរជាតិចោទប្រកាន់ថា បានធ្វើការទម្លាក់គ្រាប់បែកដោយគ្មាន ការយោគយល់ និងសណ្តោសប្រណីអ្វីបន្តិចសោះឡើយ សូម្បីតែចំពោះប្រជាជន ស្លូតត្រង់ដែលរស់នៅ ក្នុងប្រទេសស៊ីរីជាពិសេសទីក្រុងអាឡេប៉ូជាច្រើននាក់ក៏ស្លាប់ទៅជាមួយក្រុមសកម្មប្រយុទ្ធផងដែរ។
ជាមួយគ្នានោះជំនួសឲ្យប្រទេសរុស្ស៊ីមហាសន្និបាតនៃអង្គការសហប្រជាជាតិបានបោះឆ្នោតជ្រើសតាំងប្រទេស ហុងគ្រី និងក្រូអាស៊ី ឲ្យធ្វើជាអ្នកតំណាងតំបន់អឺរ៉ុបខាងកើតវិញ នៅក្នុងក្រុមប្រឹក្សា ដែលមានតួនាទីទទួលបន្ទុកឃ្លាំងមើល និងស៊ើបអង្កេតរាល់ការរំលោភបំពានសិទ្ធិមនុស្សនានា នៅទូទាំងពិភពលោក។
គួរបញ្ជាក់ដែរ សមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សដែលមាន៤៧ប្រទេសរបស់អង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងនៅក្នុង ឆ្នាំ២០០៦៕