ឃាត់ខ្លួន​បុរស​ម្នាក់​បញ្ជូន​ទៅកាន់​តុលាការ​ពីបទ​រំលោភ​សេពសន្ថវៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល
​ខេត្តបាត់ដំបង​៖​លោក​ស៊ុន សុវណ្ណ អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​បានអោយដឹងថា បន្ទាប់ពី​ទទួលបាន​បណ្តឹង​ពី​ជនរងគ្រោះ​នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៦ លោក​បាន​ចាត់​កម្លាំង​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មេការ​ឡឥដ្ឋ ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​មាន​វិធាន​ការបន្ត​។​
​ជនសង្ស័យ​មានឈ្មោះ​អ៊ុក ជា​មេការ​ឡឥដ្ឋ​១​កន្លែង​ឋិត​នៅក្នុង​ភូមិ​ពុកឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង រីឯ​ជនរងគ្រោះ​មានឈ្មោះ ជ​.​ភ អាយុប្រមាណ​៣០​ឆ្នាំ របរ​កម្មករ​ឡឥដ្ឋ​រស់នៅក្នុង​ទីតាំង​កើតហេតុ​ខាងលើ​។​
​ប្តី​ជនរងគ្រោះ​លោក ប៉ិច ពៅ អាយុ​៣៩​ឆ្នាំ​បាន​បញ្ជាក់ថា ជនសង្ស័យ​បាន​ឆ្លៀតឱកាស​បង្ខំ​ចាប់រំលោភ​បានសម្រេច​លើ​ប្រពន្ធ​របស់ខ្លួន​នៅពេលដែល​លោក​ចេញទៅ​ធ្វើការ ដោយ​លើក​ទី​១ ជនសង្ស័យ​បាន​ប្រើ​ខ្លួន​ជា​ប្តី​ទៅ​ដឹក​ឥដ្ឋ​អោយ​ភ្ញៀវ​នៅ​ម៉ោង​ប្រមាណ​៩ និង​០០​ព្រឹក ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦​និង​បង្ខំ​រំលោភ​លើក​ទី​២ ជនសង្ស័យ​បាន​បញ្ជា​អោយ​ខ្លួន​ជា​ប្តី​ជនរងគ្រោះ​ទៅ​ដឹក​ដី​យកមក​ចាក់ពុម្ព​ឥដ្ឋ នៅវេលា​ម៉ោង​ប្រមាណ​ជាង​៨ និង​០០​យប់ នា​ថ្ងៃទី​២៨ ខែ​និង​ឆ្នាំ​ដដែល​។​
​អ្នកស្រី​ជនរងគ្រោះ​ឈ្មោះ ជ ភ ដែល​មានកូន​ក្នុងបន្ទុក​ចំនួន​៣​នាក់​បាន​រៀបរាប់​អោយដឹង​ដែរ​ថា ក្រោយពី​ការកើត​ហេតុ​ខ្លួន​និង​ប្តី​បានសម្រេច​ចិត្ត​ឈប់​ធ្វើការ​និង​ឈប់​រស់នៅ​ធ្វើជា​កម្មករ​ឡឥដ្ឋ​ក្នុង​ទីតាំង​ខាងលើ ហើយ​ទាំងពីរ​នាក់​បាន​ទៅ​ទា​ប្លង់ដី​ពី​ជនសង្ស័យ​ដែល​ខ្លួន​បានដាក់​បញ្ចាំ​ពី​ការ​ខ្ចីលុយ​ហើយ​បាន​សង​អស់​រួចរាល់ ប៉ុន្តែ​ជនសង្ស័យ​មិន​បានអោយ​ប្លង់ដី​វិញ​ទេ ថែមទាំង​បាន​គំរាម​ចាក់​សម្លាប់​ពួកខ្លួន​ចោល​ថែមទៀត ទើប​លោក​និង​ប្រពន្ធ​រត់​ទៅប្តឹង​ដល់​សមត្ថកិច្ច​មូលដ្ឋាន​តែម្តង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នៃ​អធិការនគរបាល​ស្រុក​សង្កែ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​អនុវត្តន៍​បន្ត​តាមច្បាប់​៕

14875418_1784433165128579_879803683_n14859307_1784433298461899_2047938730_o