ខេត្តរតនគិរី៖ផ្ទះនគរបាល ធ្វើអាជិវកម្ម លួចគោ ក្របី យកមកកាប់លក់ មួយកន្លែង ស្ថិតក្នុងភូមិអូរកន្សែ សង្កាត់បឹងកន្សែ ក្រុងបានលុង ខេត្តរតនគិរី ត្រូវអធិការនគរបាលស្រុកអូរជុំ សហការជាមួយអធិការនគរបាលក្រុងបានលុង និងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា ខេត្តរតនគិរី ចុះឡោមព័ទ្ធឆែកឆេរ ឃើញភស្ដុតាង ក្របី១ក្បាល និងសាច់គោ ក្របីស្រស់ ព្រមទាំងភស្ដុតាងជាច្រើនទៀត នៅវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី៣០ខែតុលា ឆ្នាំ២០១៦។
ក្នុងករណីនេះសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យភ្លាមៗ ចំនួន៣នាក់ ១.ឈ្មោះ ហ៊ឹម សះ ភេទស្រី អាយុ៥១ឆ្នាំជនជាតិចាម ជម្ចាស់ផ្ទះ មានប្ដីជាមន្ត្រីនគបាលពាក់ស័ក្ខ៣ ឈ្មោះ ឯក សុផាត នៅការិយាល័យនគបាលព្រហ្មទណ្ឌកំរិតធ្ងន់ ទើបផ្លាស់មកពីខេត្តក្រចេះជិត១ឆ្នាំ ២.ឈ្មោះ លី សុខគ្រី ប្រុស អាយុ២៤ឆ្នាំ ជនជាតិចាម ៣.ឈ្មោះ ផាត ដាវីត ប្រុស អាយុ ២៣ឆ្នាំ ជនជាតិចាម ពីផ្ទះដែលប្រព្រឹត្តល្មើសខាងលើ ព្រមរឹបអូសភស្ដុតាង បានក្របីរស់ ១ក្បាល សាច់គោ ក្របី ស្បែក ស្នែង និងខ្សែចងគោក្របី ជាច្រើន ដែលបញ្ជាក់ថា សត្វគោ ក្របី ដែលជនល្មើស លួចយកមកកាប់នោះ មានចំនួនរហូតដល់រាប់សិបក្បាលមកហើយ។
លោកអនុសេនីយ៍ឯក នួន ម៉ុល អធិការរងស្រុកអូរជុំ ទទួលបន្ទុកផ្នែកយុត្តិធម៌ ដែលបានដឹកនាំកម្លាំងចុះផ្ទាល់ថា ក្រោយពីបានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋជនជាតិដើមភាគតិចឈ្មោះ ក្រទុ ពឿង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិគ្រឹង នៅភូមិធួយទំ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី មកថា នៅវេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ គាត់បានបាត់ក្របីចំនួន៤ក្បាល ត្រូវចោរលួច ខណៈនោះលោកក៏បានដឹកនាំកម្លាំងនគបាលប៉ុស្តិ៍រដ្ឋបាលឃុំចាអ៊ុង ចុះស្រាវជ្រាវ តាមដានជើងក្របី រហូតមកដល់ផ្ទះជនសង្ស័យ ទើបរាយការណ៍មកលោកស្នងការ។ លុះព្រឹកឡើងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង ដឹកនាំកម្លាំង សមត្ថកិច្ចចុះព័ទ្ធឆែកឆេរ ផ្ទះសង្ស័យនោះតែម្ដង។
បន្ទាប់ពីរឹបអូសវត្ថុតាងយកមកស្នងការ លោកព្រះរាជអាជ្ញា បានសម្របសម្រួល អោយសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់ក្របីរស់ ១ក្បាលជូនម្ចាស់វិញ ព្រមសាច់ក្របីកាប់រួច ២ក្បាល និងសាច់គោកាប់រួច៣ក្បាល ជូនម្ចាស់គេវិញ ក្នុងនោះសាច់គោ ៣ក្បាល ជារបស់លោកស្រី ខឿង ខឿ អភិបាលស្រុកអូរជុំដែលទើបនិងបាត់ កាលពីថ្ងៃទី២៨ ថ្មីៗ នេះផងដែរ។
ករណីបង្ក្រាបផ្ទះមេចោរលួចគោ ក្របី មកកាប់យកសាច់លក់ខាងលើនេះ ត្រូវមជ្ឈដ្ឋាន ប្រជាពលរដ្ឋ សាទរ យ៉ាងខ្លាំង ក្នុងនោះក៏មានប្រជាពលរដ្ឋខ្លះ បានលើកឡើងដែរថា ផ្ទះកាប់សាច់គោ ក្របី នេះមិនមែនទើបតែលួចកាប់នោះទេ បើតាមពិនិត្យភស្ដុតាង ដូចជាស្បែក ខ្សែចងគោ ក្របី មានយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយប្រជាពលរដ្ឋក៏មាន ករណីបាត់គោបាត់ក្របី ជាច្រើនករណីមកហើយដែរ ហេតុអ្វី ការលក់សាច់គោក្របី ដឹកចេញពីផ្ទះនេះ មិនមានការត្រួតពិនិត្យ ឬក៏មានការសង្ស័យពីអ្នកជិតខាង និងសមត្ថកិច្ច ? ។ ម្យ៉ាងវិញទៀតម្ចាស់ផ្ទះជាមន្ត្រីនគបាលមានបុណ្យស័ក្តិទៀត៕