រាជធានីភ្នំពេញ៖នៅម៉ោងប្រមាណ៨ និង០០ព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជានឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិភាក្សា និងឱ្យយោបល់ ទៅលើរបៀបវារៈចំនួន៦។
កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាពរបស់ ជា។ ក្នុងនោះ របៀបវារៈមានដូចខាងក្រោម៖
១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៨ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣
២- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៧ ស្តីពី ប្រព័ន្ធឆ្លងកាត់គយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពី កិច្ចសម្រួលការដឹកជញ្ជូនឆ្លងកាត់ទំនិញ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣
៣- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់ លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ ដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្តេជ្ញាបើកចំហសេវាហិរញ្ញវត្ថុ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពី សេវា ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣
៤- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣
៥- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ៖
១- កិច្ចព្រមព្រៀង ស្តីពី ការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន
២- ពិធីសារ ស្តីពី ការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន
៣- ពិធីសារ ស្តីពី ក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣។
និង ៦- កំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣៕