រាជធានីភ្នំពេញ៖ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនយុវជនម្នាក់ដែលបានបង្ហោះវីដេអូតាម Facebook ប្រមាថអាយុជីវិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយចោទប្រកាន់២បទល្មើស ដែលការសម្រេចនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះ។
យុវជននេះមានឈ្មោះ សាម ភាព អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុក ស៊ីធរកណ្ដាល ខេត្តព្រៃវែង។ រូបគេត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ចំនួនពីបទល្មើស ក្នុងនោះមាន «គំរាមកំហែងថានឹងសម្លាប់ និង ញុះញង់ ឲ្យមានការរើសអើងតាមមាត្រា២៣៣ និង មាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ។
គួររម្លឹកថា ជនសង្ស័យរូបនេះ ត្រូវបាននគរបាលខេត្តព្រៃវែងឃាត់ខ្លួននៅចំណុចផ្ទះរបស់យុវជននេះតែម្ដង រួចបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៧ ខែតុលា តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ៕