កូរ៉េខាងជើង​ចោទ​លោក បាន គី​មូ​ន លម្អៀង​ទៅអាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2016 ក+ ក-

ព្យុងយ៉ាង​៖​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បានប្រកាស​ថ្កោលទោស​ដោយ​ចោទប្រកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន គឺជា​មនុស្ស​លំអៀង​ដែល​តែងតែ​កាន់ជើង សហរដ្ឋអាមេរិក និង​ក្រុម​អភិរក្សនិយម​មួយចំនួនទៀត​។ នេះ​បើ​យោងតាម​គេហទំព័រ​ផ្លូវការ​របស់​កូរ៉េខាងជើង​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​។​
​គេហទំព័រ​កូរ៉េខាងជើង dprktoday.com បាន​បន្តថា លោក បាន គី​មូ​ន បាន​ក្លាយជា​កម្មវត្ថុ​នៃ​ការ​សើច ចំអក និង​ថ្កោលទោស​ដោយសារតែ​លោក បាន​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ អនុម័ត​ជាបន្ទាន់​លើ​ដំណោះស្រាយ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​របប​ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង ចំពោះ​ការបាញ់​សាកល្បង អាវុធ​នុយក្លេអ៊ែ​ជា​លើក​ទី​០៥​កាលពី​ខែកញ្ញា​កន្លងទៅនេះ​។​
​គេហទំព័រ​ដដែលបាន​បញ្ជាក់ថា លោក បាន គី​មូ​ន​កំពុង​ប្រឹងប្រែង​ដើម្បី ទទួលបាន​ការគាំទ្រ​ពី​ក្រុម​អភិរក្សនិយម នៅមុន​ការបោះឆ្នោត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ឈាន​មកដល់ តាមរយៈ​ការប្រើ​ពាក្យពេចន៍​ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង តាម​បង្គាប់​របស់​សហរដ្ឋអាមេរិក​។​
​គួរ​បញ្ជាក់ថា លោក បាន គី​មូ​ន ត្រូវបាន​គេ​រំពឹងថា​នឹង​ឈរឈ្មោះ​ជា​បេក្ខភាព​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កូរ៉េខាងត្បូង នៅ​ខែធ្នូ ឆ្នាំ​២០១៧ បើទោះជា​លោក​មិនទាន់​អះអាង​ពី​គោលបំណង​របស់លោក​ក៏ដោយ បន្ទាប់ពី​លោក​ផុត​អាណត្តិ​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នៅ​ខែមករា ខាងមុខនេះ​៕

ban-ki-moon-kim-jo_2524989c