ផន ណាវី មេ​ប៉ុស្តិ៍​ច្រកទ្វារ​ណាំ​លៀ ឃុបឃិត​ការរកស៊ី​ឈើ​ប្រណីត​ខុសច្បាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2015 ក+ ក-

ខេត្តមណ្ឌលគិរី​៖ សមត្ថកិច្ច​ច្រកទ្វារ​ទ្វេភាគី​ណាំ​លៀ ជា​អ្នកកាង​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​យក​ទីតាំង​លំនៅដ្ឋាន​របស់ខ្លួន​ធ្វើជា​កន្លែង​ទិញ និង​ស្តុក​ឈើ​ទុក​ដឹកជញ្ជូន​ចេញ​តាម​ច្រក​ណាំ​លៀ ។ ចំណែក​ឈ្មួញ​រកស៊ី​ឈើ​ដែលមាន​ឈ្មោះ​ដូចជា យូ សុធា ជា​នាយប៉ុស្តិ៍​ច្រកទ្វារ​ដាក់​ដាំ ក៏បាន​បើកដៃ​ឲ្យ​ប្រពន្ធ និង​ប្អូនថ្លៃ​របស់ខ្លួន​ដើរ​ប្រមូល​ទិញ​ឈើ​នៅ​ស្រុក​ពេ​ជ្រា​ដា យ៉ាង​អ​នា​ធិ​ប តេ​យ្យ​ដែរ​។​
​មេ​ប៉ុស្តិ៍​ច្រកទ្វារ​ទ្វេភាគី​ណាំ​លៀ​ឈ្មោះ​ផន ណាវី ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងស្រុក​នេះ​រិះគន់ថា ជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ និង​កូនចៅ​ក្រោម​ឱវាទ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ។​

ប្រភពព័ត៌មាន​បាន​រាយ​ការណ៍​ថា ឈ្មោះ លី និង​ឈ្មោះ ជឿ​ង ដែលមាន​ទីលំនៅ​ក្នុងភូមិ​វ៉ា​រិ​យោង ស្រុក​ពេ​ជ្រា​ដា ព្រមទាំង​ឈ្មោះ វង្ស តារា​សុផល ជា​នាយរង​ប៉ុស្តិ៍​ច្រកទ្វារ​ទ្វេភាគី​ណាំ​លៀ ក៏​ជា​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណីត ទៅ​លក់​នៅ​ស្រុក​យួន​ដែរ​។ ប្រភព​បន្តថា ឈ្មួញ​ដូច​រៀបរាប់​ឈ្មោះ​ខាងលើនេះ បាន​ដឹកឈើ​ប្រណីត​ចេញ​តាម​ច្រករបៀង​នៅ​ខាងជើង​ច្រក​ទ្វេភាគី​ណាំ​លៀ​មាន​ចម្ងាយ​ប្រមាណ​៦០០​ម៉ែត្រ​ជាប់​ថ្នាល​បណ្តុះ​កូនឈើ​របស់​ក្រុមហ៊ុន​កូ​វី​តា​មា​។​ការដែល​ឈ្មួញ​អាចធ្វើ​សកម្មភាព យ៉ាង​ពេញបន្ទុក​គឺមាន​ការបើក​ដៃ​ពី​លោក ផន ណាវី មេ​ប៉ុស្តិ៍​ច្រក​ទ្វេភាគី​ណាំ​លៀ ព្រោះ​លោក ផន ណាវី គិតគូរ​តែ​រឿង​ប្រ​មូ​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ​។​

ឈ្មួញ​រកស៊ី​ឈើ​មួយចំនួន​បាន​ឲ្យ​ដឹងថា ការដឹកឈើ​ចេញ​តាម​ច្រក​ណាំ​លៀ ពួកគេ​ត្រូវ​បង់លុយ​ជូន​លោក ផន ណាវី តាម​ការកំណត់​គឺ​រថយន្ត​ធុន​តូច​ត្រូវ​បង់​១០០​ដុល្លារ រីឯ​រថយន្ត​ហាយ​ទ្បែ​ន​ឌ័​រ​និង​ទ្ប​ង់​គ្រី​ស័​រ​ជាដើម ត្រូវ​បង់​២០០​ទៅ ៣០០​ដុល្លារ​តាម​ប្រភេទ​ឈើ ។ លោក ផន ណាវី និង​លោក វង្ស តារា​សុផល មិន​ត្រឹមតែ​អង្គុយចាំ​រាប់​ក្បាល​ទ្បាន​ដឹកឈើ​ល្មើស​យកលុយ​ច្រក​ហោប៉ៅ​យ៉ាង​សុខ ស្រួល​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ឆ្លៀត​ដឹកឈើ​លក់​ខុសច្បាប់​ដោយ​ខ្លួនឯង​យ៉ាង​គឃ្លើន​ទៀតផង​។

ប្រភពពី​មន្ត្រីនគរបាល​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ក្រសួង​បាន និង​កំពុង​តាម ដាន​យ៉ាង​យកចិត្តទុកដាក់ ពិសេស​បទល្មើស​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​របស់​មន្ត្រី នគរបាល គឺ​មិន​ទុក​ឲ្យ​គេ​បង្ក​ព្យុះភ្លៀង​ធ្វើ​ឲ្យ​ខូច​ដល់​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​នោះឡើយ​៕

-----------