ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ត្រូវ​ទាហាន​ថៃ​បាញ់ប្រហារ ខណៈ​ចូល​ទៅរក​ការងារ​ធ្វើ​ក្នុង​ទឹកដី​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​ពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់​បាន​លួច​ចូលទៅក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​ក្នុងប្រទេស​គេ​ហើយ​ត្រូវ​ពួក​ទាហាន​ថៃ​បាញ់ប្រហារ​បណ្តាល​ឲ្យ​រងរបួស​កាលពី​ថ្ងៃទី​២៩ តុលា ២០១៦ វេលា​ម៉ោង​ប្រហែល​១៩ និង​០០​នាទី​។
​ជនរងគ្រោះ​ទី​១​ត្រូវ​ពួក​ទាហាន​ថៃ​បាញ់ប្រហារ​បណ្តាល​ឲ្យ​រងរបួស​ចំ​ស្មា​ខាងឆ្វេង ឈ្មោះ ស៊ុន វណ្ណ​នេ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពត បានមក​ស្នាក់នៅ​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង និង​ម្នាក់ទៀត ឈ្មោះ ឡុង សារិន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បាន​រត់​បែក​គ្នា​មិនដឹង​រត់ចេញ​ទៅដល់​ក​ន្លែ​ង​ណា​នោះទេ ខណៈពេល​ពួក​ទាហាន​ថៃ​បាន​បាញ់រះ​ទៅលើ​ពួកគេ​ទាំង​២​នាក់​។​
​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​ចូលទៅ​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​ខាងលើ​ពួកគេ​មិន​ស្គាល់​ភូមិសាស្ត្រ​
​ដឹងថា​ចូល​តាម​ច្រក​ណា​ទេ ពេលទៅដល់​ចំណុចកើតហេតុ​ជនរងគ្រោះ​ក៏​មិនដឹងថា នៅ​ចំណុច​ណា​ដែរ ។
​ក្រោយពី​ពួក​ទាហាន​ថៃ​បាន​បាញ់ប្រហារ​ទៅលើ​ពួកគេ​បណ្តាល​ឲ្យ​រងរបួស​នោះ​ជនរងគ្រោះ​មិនបាន​ចេញ​តាម​ច្រក​អូរ​រំដួល​ទេ គឺ​រត់តាម​ផ្លូវជើង​ក្នុងភូមិ​សាស្ត្រ​ឃុំ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក​ក៍បាន​ជួប​និង​អ្នកចំការ​បាន​ដឹក​នាំមក​សង្គ្រោះ​ចំណុច​មួយ ប៉ុន្តែ​មិនបាន​ចាំ​ថា​កន្លែង​ណា​អោយ​ពិតប្រាកដ​ទេ គ្រាន់តែ​ដឹងថា​ចូល​តាម​ភូមិសាស្ត្រ​ក្នុង​តំបន់​ឃុំ​ពេជ្រ​ចិន្ដា​ស្រុក​ភ្នំព្រឹក​។​
ជនរងគ្រោះ​បាន​បន្តដំណើរ​តាម​ការចង្អុលបង្ហាញ​ពី​អ្នកចំការ​ទើប​មកដល់​មណ្ឌល​សុខភាព​ពេជ្រ​ចិន្តា​នៅវេលា​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣០ តុលា​២០១៦ ហើយ​ត្រូវបាន​ខាង​មណ្ឌល​សុខភាព​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​ជា​បន្ត​។​
​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​នាំយកមក​ស​ម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ខាងលើ រីឯ​ម្នាក់ទៀត​សមត្ថកិច្ច​កំពុង​ធ្វើ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​ដើម្បី​ជួយសង្គ្រោះ​ជា​បន្តទៅទៀត ៕

14915074_1784948558410373_993501228_n14872454_1784948561743706_75343244_n