ជិះ​ម៉ូតូ​មកពី​លេង​ស្រុក​ត្រូវ​រថយន្តបុក​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ដេក​ផ្កាប់មុខ​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម ខណៈពេល​ជិះ​ម៉ូតូ​មកពី​ស្រុកកំណើត​វិញ​ត្រូវ​រថយន្ត​កៀរ បុក​អូស​ជាច្រើន​ម៉ែត្រ រួច​កិន​ពីលើ​ថែមទៀត ហើយ​បើក​រត់​បាត់ស្រមោល​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​ស្ពាន​ទី​១១-១២ ស្ថិត​ក្នុងភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា​។​
​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​រូបលោក​មិនបាន​ដឹងថា​មាន​មនុស្ស​ស្លាប់​ទេ ពេលដែល​បើក​ជិត​ដល់​កន្លែងកើតហេតុ​ក៏​ឃើញ​មនុស្ស​ដេក​ផ្កាប់មុខ​បែកក្បាល​ខ្ទេច​ដាច់​លលាដ៍ក្បាល​ខាងលើ និង​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1P-7048 ដួល​កណ្តាលផ្លូវ ទើប​រូបលោក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះមក​ពិនិត្យ​ភ្លាមៗ​ដែរ​។​
​សមត្ថកិច្ច​ពិនិត្យ​ជា​ជំហាន​ដំបូង​បាន​សន្និដ្ឋានថា សព​អាច​ត្រូវ​រថយន្ត​បើក​កៀរ​ពីក្រោយ​អូស​ជាច្រើន​ម៉ែត្រ ហើយ​ទើប​កិន​ពីលើ​ដាច់​លលាដ៍ក្បាល​ផ្នែក​ខាងលើ​ស្លាប់​តែម្តង ព្រោះ​គេ​ពិនិត្យឃើញ​ពី​កន្លែង​បុក​ដល់ទី​តាំង​សព​មាន​ប្រវែង​១០​ម៉ែត្រ ។ សមត្ថកិច្ច​បញ្ជាក់ថា សព​ជនរងគ្រោះ​ឈ្មោះ សាយ ម៉ា​យ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ មាន​ស្រុកកំណើត​នៅ​ភូមិ​គង​ជ័យ​លិច ឃុំ​ព្រែកកុយ ស្រុក​កងមាស ខេត្តកំពង់ចាម​។​
​ក្រោយពេល​កើតហេតុ​សព​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​បាក់​ខែង​១​យប់​រង់ចាំ​ពេលព្រឹក​ឲ្យ​ខាង​សាច់ញាតិ​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់​ដើម្បី​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​៕

fcc29d70-1438-47f9-877b-35053454c80c