ផ្ទុះអណ្តូងរ៉ែនៅប្រទេសចិនបណ្តាលឲ្យមនុស្ស១៥នាក់ស្លាប់
ប៉េកាំង៖យោងតាមសារព័ត៌មានស៊ិនហួរបានចេញផ្សាយថា កម្មករអណ្ដូងរ៉ែយ៉ាងតិចចំនួន១៥នាក់ត្រូវបានគេអះអាងថា ស្លាប់បាត់បង់ជីវិត ខណៈដែល១៨នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួននៅឡើយបន្ទាប់ពីផ្ទុះអណ្ដូងរ៉ែធ្យូងថ្មមួយកន្លែងស្ថិតនៅភាគអាគ្នេយ៍ទីក្រុង Chongqing ប្រទេសចិន។
ក្រុមអាជ្ញាធរនៅក្នុងតំបន់បានឱ្យដឹងថា អណ្ដូងរ៉ែធ្យូងថ្មដែលផ្ទុះនេះជារបស់ឯកជនមួយ ឈ្មោះថា Jinshangou Coal Mine ស្ថិតនៅតំបន់ Laisu Town នៃស្រុក Yongchuan ។ អាជ្ញាធរបញ្ជាក់ថា ករណីនេះកើតឡើងនៅម៉ោង១១ និង៣០នាទី(ម៉ោងក្នុងតំបន់) ដែលមានកម្មករសរុប៣៥នាក់ កំពុងធ្វើការ។ ជាមួយគ្នានេះអាជ្ញាធរឱ្យម្ចាស់អណ្ដូងរ៉ែនេះផ្អាកសកម្មភាពរបស់ខ្លួនដើម្បីមានភាពងាយស្រួលដល់ក្រុមអ្នកជួយសង្គ្រោះ៕