លោក​ស៊ឹម សំអាត ប្រធាន​​ច្រកទ្វារ ប៉ោយប៉ែត​កេង​លុយ​ធ្វើ​ប័ណ្ណឆ្លង ដែន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2015 ក+ ក-

បន្ទាយមានជ័យ៖លោក ស៊ឹម សំអាត ប្រធាន​ស្នាក់ការ​អន្តោប្រវេសន៍ ប្រចាំ​ច្រកទ្វារ​អន្តជាតិ​ប៉ោយប៉ែត ត្រូវគេ​ទម្លាយ​ពី​អំពើពុករលួយ​ដោយ​ចាត់ទុក​អនុ​ក្រិ​ត្យ​លេខ ៦៨ របស់​រាជរដ្ឋាភិបាល​ជា​ខ្យល់ បើកដៃ​ឲ្យ​មន្ត្រី​ក្រោម​ឱ​វា​ធ្វើ​ប័ណ្ណឆ្លងដែន​ដែល​មិនមាន​ឯកសារ​គ្រប់គ្រាន់ និង​បង្ខំ​យកប្រាក់​ខ្ពស់កប់ពពក​ដែល​គេ​មើលឃើញថា​ជាការ​កេងប្រវ័ញ្ច​ញើស​ឈាម​របស់​ប្រជា​ពលករ​ខ្មែរ​។​

​បើ​យោងតាម​អនុ​ក្រិ​ត្យ​លេខ ៦៨​របស់ រាជរដ្ឋាភិបាល អនក្រ​.​បក​. ស្ដីពី​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ប​ណ្ណ័​ឆ្លងដែន​បាន លុះត្រា​ណា​ប្រជាពលរដ្ឋ​ទាំងនោះ​នៅជាប់​ព្រំដែន កម្ពុជា​.​ថៃ ដូចជា​ស្រុក​អូជ្រៅ ក្រុង​ប៉ោយប៉ែត ក្នុង​ខេត្តបន្ទាយមានជ័យ នៅក្នុង​មាត្រា​៣ ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ប​ណ្ណ័​ឆ្លងដែន​អាចធ្វើ​ដំណើរ​ពី​ខេត្ត​ជាប់​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្លង​ចូលទៅ​ខេត្ត​ជាប់​ព្រំដែន​ទល់មុខ​គ្នា​នៃ​ព្រះរាជាណាចក្រ​ថៃ ។​

គួរ​ជម្រាប​ថា ក្នុង​មាត្រា​៤ បាន​បង្ហាញថា ប័ណ្ណឆ្លងដែន​ទាំងពី​ប្រភេទ​ដែល​អនុញ្ញាតអោយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម ខេត្ត​.​ក្រុង​ជាប់​ព្រំដែន​ថៃ​ចូលទៅ​ស្នាក់​នៅក្នុង​ខេត្ត​នៃ ព្រះរាជាណាចក្រ​ថៃ ដូច មានចែង ក្នុង​មាត្រា​៣ នៃ​អនុ​ក្រិ​ត្យ​នេះ រយៈពេល​មិន​លើសពី​៧ ថ្ងៃ​។

ពាក់ព័ន្ធ​ការចេញ​ប​ណ្ណ័​ខាងលើនេះ​ត្រួវ​ប្រជាពលរដ្ឋ​ខ្មែរ​រអ៊ូរទាំ​និង​បាន​ចោទប្រកាន់​ទម្លាក់កំហុស​ទៅ លើ​មន្ត្រីនគរបាល​អន្តោរ​ប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ខាងលើនេះ​ដែល​គ្រប់គ្រង​ដោយ លោក ស៊ឹម សំអាត ប្រធាន​ច្រក​ទើបនឹង​ឡើងកាន់ដំណែង​ថ្មី​នោះ​ថា មិនបាន​គោរព​នៅ​គោលការណ៍​នៃ​អនុ​ក្រិ​ត្យ​៦៨ អនក្រ​.​បក រប​ស់រាដ​រដ្ឋាភិបាល​ចុះ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០០៣ ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នោះឡើយ​។​

មិនតែប៉ុណ្ណោះ ប័ណ្ណឆ្លងដែន​ត្រូវបាន​មេខ្យល់​មួយចំនួន​ផ្សំគំនិត​គ្នា​ជាមួយ​ប៉ូលិស អន្តោ​ប្រវេ​ស្តន៍​ប្រចាំ​ច្រក​ប៉ោយប៉ែត​ធ្វើអោយ ពលករ​ខ្មែរ​មកពី​បណ្ដា​ខេត្ត​ឆ្ងាយៗ​ដែល​មិនដឹង​រឿងនេះ​ត្រូវគេ​យក​តំលៃ​ខ្ពស់​រហូតដល់​ទៅ​៣០០​ដុល្លារ​ឯណោះ​។ ម្យ៉ាងទៀត​ប័ណ្ណឆ្លងដែន​ទាំងនោះ​ត្រូវ​មេខ្យល់ ដែលជា​ដៃជើង​របស់​ប៉ូលិស​អន្តោ​ប្រវេ​ស្តន៍​ខាងលើ​ដើរ​ធ្វើតាម​ផ្ទះសំណាក់ ឬ​ផ្ដិតមេដៃ​តាម​ទីសាធារណៈ ដូចជា​រង្វង់​មូល​ច្រកទ្វារ ក្នុង​វត្ត​បា​លិ​លេ​យ្យ ហាក់បីដូចជា​គ្មាន​ច្បាប់ទម្លាប់​សោះឡើយ ។ ទង្វើ​នេះ​ត្រូវគេ​គិតថា​មានការ​ឃុបឃិត​ពី​លោក ស៊ឹម សំអាត ប្រធាន​ច្រកទ្វារ​ទើប​អាចធ្វើ​ទៅបាន​។​

ចំពោះ​ការ​កឹ​ប​កេង​ក្នុង​ការធ្វើ​ប័ណ្ណឆ្លងដែន​ដែល​គ្រប់គ្រង​ដោយ​លោក ស៊ឹម សំអាត​ធ្វើអោយ​ពលករ​មួយចំនួនធំ​ត្រូវ​ចាញ់បោក​មេខ្យល់​អ្នកខ្លះ​បានធ្វើ​លិខិតឆ្លងដែន​ពី​៥០​ដុល្លារ​ហូត​ទៅដល់​៣០០​ដុល្លា ដែល​មេខ្យល់​ទាំងនោះ​ជា​បក្ខពួក ឬ​ជា​ខ្សែ​បងប្អូន​ប្រពន្ធ​កូន​សមត្ថកិច្ច​ទៀតផង ។​

លោក ស៊ឹម សំអាត ប្រធាន​ស្នាក់ការ​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តជាតិ​ប៉ោយប៉ែត មិនអាច​ទាក់ទង​សុំ​ការពន្យល់​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​សំណាក់​ប្រជា​ពលករ​បានទេ​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមករា​នេះ​៕

-------------