ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖កម្លាំងជំនាញបានបញ្ជូនជនសង្ស័យដែលជាជំនួយការមន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តបាត់ដំបងម្នាក់បន្ទាប់ពីបានប្រើប្រាស់អាវុធខ្លីម៉ាក K54 លេខ31001971 បាញ់ចំនួន២គ្រាប់ (មិនផ្ទុះ០១គ្រាប់) បណ្តាលឲ្យបុរសម្នាក់រងរបួសទៅអយ្យការអមសាលាដំបូងតាមនីតិវិធីកាលពីវេលាម៉ោង១៤ និង០០នាទីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញ។
នៅវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចជិតហាងស៊ុបយីហោពន្លឺត្បូង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង លោកអនុសេនីយ៍ទោ ទែន ភាន ជាជំនួយការមន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រើប្រាស់អាវុធខ្លីម៉ាក K54 លេខ31001971 បានបាញ់ចំនួន២គ្រាប់ (មិនផ្ទុះ ០១គ្រាប់) លើជនរងគ្រោះ មានឈ្មោះ ព្រឿន រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាចុងភៅសណ្ឋាគារក្លាស់ស៊ី មានទីលំនៅភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ បណ្តាលត្រូវចំកំភួនជើងខាងឆ្វេង ចំនួន ០១គ្រាប់ បណ្តាលឲ្យរងរបួស ។ មូលហេតុដោយជនសង្ស័យខឹងជាមួយជនរងគ្រោះ ដែលបានរោទ៍ម៉ូតូជាច្រើនលើកនៅមុខផ្ទះរបស់ខ្លួន ។
ក្រោយធ្វើសកម្មភាពរួចជនសង្ស័យត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
សូមបញ្ជាក់ថា កងរាជអាវុធហត្ថជាមន្ត្រីប្រតិបត្តិច្បាប់ កាលណាអនុវត្តតួនាទីរបស់ខ្លួនមិនស្របនឹងច្បាប់ត្រូវទទួលទោសដូចប្រជាពលរដ្ឋផងដែរ។ សិទ្ធិនៃការប្រើប្រាស់ត្រូវបានផ្សព្វផ្សាយនិងអប់រំជាប្រចាំដល់នាយ នាយរង និងពលអាវុធហត្ថទូទាំងប្រទេស៕