រាជធានីភ្នំពេញ៖សំណុំរឿងលោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៉ី ដែលចោទសម្តេចតេជោថាជាអ្នកបាញ់សម្លាប់ លោក កែម ឡី ដោយមិនមានភស្តុតាងសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តបើកសវនាការជំនុំជម្រះនៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីតុលាការ។
គួរបញ្ជាក់ថា អ្នកស្រី ថាក់ ឡានី ត្រូវបានតុលាការចោទពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ នៅក្នុងវេទិកាសាធារណៈនៅខេត្តរតនគិរី អ្នកស្រី ថាក់ ឡានី បានចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី៕