ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យម្នាក់លួចម៉ូតូគេបានសម្រេចហើយគេចខ្លួនបាន១ថ្ងៃ ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួន នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថា បើតាមការរៀបរាប់របស់ជនរងគ្រោះបានអោយដឹងថា ខ្លួនមានឈ្មោះយ៉ុង ឆៃយុទ្ធ រស់នៅចំណុចក្នុងតូបកាត់សក់ផ្សារដើមពុទ្ទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះបានរៀបរាប់បន្តទៀតថា មុនពេលកើតហេតុនោះនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ខ្លួនបានទុកម៉ូតូម៉ាកឃ្លិច ព៌ណ ក្រហមលាយខ្មៅ ពាក់ស្លាកលេខបាត់ដំបង១K០៤៥៨ នៅក្នុងបន្ទប់កាត់សក់នៅជាន់ក្រោម ហើយខ្លួនបានឡើងទៅដេកបន្ទប់ជាន់លើ លុះនៅម៉ោង១២យប់ខ្លួនក្រោកពីដេកហើយចុះមកបន្ទប់ខាងក្រោម ស្រាប់តែបាត់ម៉ូតូមិនដឹងពីថ្មើណា ពេលនោះខ្លួនបានទូរស័ព្ទទៅសួរកូនជាងកាត់សក់របស់ខ្លួនទើបដឹងថាម៉ូតូត្រូវបានចោរលួច។
លោកវរ:សេនីយ៍ ជា ដា បានបញ្ជាក់ទៀតថា លុះព្រឹកឡើងថ្ងៃទី៣១ ខែតុលា ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ ក្រោយពីទទួលបានពាក្យបណ្ដឹង ទើបកម្លាំងអាវុធហត្ថចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ រួចបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរបន្ត។ លោកវរៈសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានអោយដឹងថា ជនសង្ស័យមានឈ្មោះទៀង ប្រសិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅបន្ទប់ជួលមាត់អូរព្រំដែនកម្ពុជា ថៃ ក្បែរកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានបញ្ជាក់ទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យនៅមុខអាវុធហត្ថបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានចូលលួចម៉ូតូរបស់ឈ្មោះយ៉ុង ឆៃយុទ្ធ ពិតប្រាកដមែន។ ដោយមានវត្ថុតាងនិងចម្លើយសារភាពហើយនោះ ជនសង្ស័យត្រូវបានអាវុធហត្ថជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់។ ចំណែកម៉ូតូត្រូវបានអាវុធហត្ថប្រគល់អោយទៅម្ចាស់វិញហើយ៕