ដោយ៖បញ្ញា
ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អាណាព្យាបាលសិស្ស និងបុគ្គលិកវិទ្យាស្ថាន(ឌែលី)លើកគ្នាមកសាលាសង្កាត់ចោមចៅឱ្យជួយរកដំណោះស្រាយបន្ទាប់ពីសាលាមួយនេះក្ស័យធននាយកសាលាវិចសំពាយរត់ទៅបាត់។
អាណាព្យាបាលសិស្សបានអោយដឹងថា គាត់បង់ថ្លៃសាលា៦ខែម្តងតំលៃ២៦១ដុល្លាបង់១ឆ្នាំក្នុងសិស្សម្នាក់បង់៧០០ដុល្លានិងអណាព្យាលខ្លះកូនរៀនរហូត២ទៅ៣នាក់។
សូមបញ្ជាក់ថា កាលព្រឹកថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៦អាណាព្យាបាលសិស្សានុសិស្សជាច្រើននាក់បានប្រមូលផ្ដុំគ្នានៅមុខវិទ្យាស្ថានឌែលីដោយសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ក្រោយដឹងថា នាយកសាលាមួយនេះបានរត់គេចខ្លួន បង្អាក់ការសិក្សាកូនៗរបស់ពួកគាត់ទាំងកណ្ដាលទីថែមទាំងមិនបានបើកប្រាក់ខែ ឲ្យបុគ្គលិកជាច្រើននាក់ផងដែរ។
ការភ្ញាក់ផ្អើលដោយសារតែនាយកសាលាឯកជនខាងលើនេះ រត់ចោលកូនសិស្ស ដោយសារតែភាពក្ស័យធននោះ បានកើតឡើងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ នាយកសាលាអន្តរជាតិ ឌែលី ត្រូវបានគេស្គាល់ឈ្មោះ លី សេងហ៊ុយ អាយុ៤០ឆ្នាំធ្លាប់ស្នាក់នៅក្នុងសាលាផ្ទាល់។
ចំណែកបុគ្គលិកដែលបម្រើការងារនៅសាលាអន្តរជាតិធែលីមួយនេះ បានឲ្យដឹងថា សាលានេះមានបុគ្គលិក លោកគ្រូ-អ្នកគ្រូជិត៦៥នាក់ ដោយទទួលបានប្រាក់ខែក្នុងម្នាក់ៗ ២០០ដុល្លារក្នុងមួយខែ, អ្នកបើករថយន្តដឹកសិស្សជាង២០នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់ខែ៥០០ដុល្លារ (រថយន្តខ្លួនឯង) និងអ្នកអនាម័យក្នុងសាលា២នាក់ទៀត ក្នុងម្នាក់ៗទទួលបានប្រាក់ខែ១២០ដុល្លារ។
លោកគ្រូ-អ្នកគ្រូរួមទាំងបុគ្គលិកដទៃទៀត បាននិយាយថា រយៈពេល៣ខែមកហើយ ដែលពួកគាត់មិនបានទទួលប្រាក់ខែពីសាលាដោយនាយកសាលានេះបានសន្យា១ខែហើយ១ខែទៀត និងសូមឲ្យពួកគាត់ជួយបន្តធ្វើការងារ តែដល់ពេលនេះលោកនាយករត់គេចខ្លួនចោលសាលាតែម្តង។
ពួកគាត់បានបន្តថា អ្នកដែលជួបបញ្ហាមិនមែនត្រឹមតែប៉ះពាល់ដល់ពួកគាត់ ជាគ្រូបង្រៀននោះទេ អ្វីដែលសំខាន់នោះ គឺសិស្សានុសិស្សរាប់រយនាក់ ដែលកំពុងសិក្សាត្រូវបាត់បង់ការសិក្សាពាក់កណ្តាលទី ផងដែរ។
ទោះជាយ៉ាងណាពាក់ព័ន្ធនឹងការលើកឡើងរបស់លោកគ្រូអ្នកគ្រូក៏ដូចជាអាណាព្យាបាលសិស្សខាងលើយើងមិនអាចសុំភ្លឺពី លោក លី សេងហ៊ុយ បាននៅឡើយទេ៕