រថភ្លើង​បុក​គ្នា​នៅ​ប៉ា​គី​ស្ថាន​ស្លាប់​១១​នាក់ របួស​ជាង​៤០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 November, 2016 ក+ ក-

ប៉ា​គី​ស្ថាន​៖​រថភ្លើង​ដឹក​អ្នកដំណើរ​ចំនួន​ពីរ​ខ្សែ​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​នៅក្នុង​ទីក្រុង Karachi ភាគខាងត្បូង​ប្រទេស​ប៉ា​គី​ស្ថាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បណ្តាល​ឲ្យ​មនុស្ស​១១​នាក់​ស្លាប់បាត់​បង់ជីវិត និង​ជាង​៤០​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​។ នេះ​យោងតាម​សារព័ត៌មាន​ន​ហួរ ផ្សាយ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។​
​អាជ្ញាធរ​ប៉ា​គី​ស្ថាន​បាន​និយាយថា ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​បានកើត​ឡើង​នៅពេលដែល រថភ្លើង​ដឹក​អ្នកដំណើរ Farid Express បាន​ទៅបុក​ជាមួយនឹង រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​ខ្សែ​ទៀត​យ៉ាង​ពេញទំហឹង​នៅក្នុង​ទីក្រុង Karachi ។ អាជ្ញាធរ​បន្តថា ភ្លាមៗ​នោះ​ប៉ូលិស និង​ក្រុម​ជួយសង្គ្រោះ​បាន​ទៅ​កន្លែងកើតហេតុ និង​បាន​បញ្ជូន​សាកសព​ជនរងគ្រោះ និង​អ្នករបួស​ទៅកាន់​មន្ទីរពេទ្យ​ដែល​នៅក្បែរនោះ​។​
​ជុំវិញ​ករណីនេះ​អាជ្ញាធរ​បានបញ្ជាក់​ថា ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​បន្ថែមទៀត គ្រា​ដែល​អ្នករបួស មួយចំនួន​កំពុងស្ថិត​នៅក្នុង​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​នៅឯ​មន្ទីរពេទ្យ ខណៈ​អ្នកដំណើរ​ជាច្រើន​នាក់​ទៀត​បន្ត​ជាប់​នៅក្នុង​ទូរ​រថភ្លើង​ដែល​ខូចខាត​នៅឡើយ​៕

f5c415c6-47f1-434f-ade5-03fbd064826a_w987_r1_s