ភាគខាងត្បូង​ថៃ​រង​ការវាយប្រហារ​ទៀតហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 November, 2016 ក+ ក-

បាងកក​៖​មនុស្ស​យ៉ាងហោចណាស់​ចំនួន​៣​នាក់​បាន​ស្លាប់បាត់​បង់ជីវិត គ្រា​ដែលមាន​ការវាយប្រហារ​ពី​ពួក​សកម្មប្រយុទ្ធ​សាជាថ្មី​ម្តងទៀត​នៅក្នុង​ខេត្ត​ភាគខាងត្បូង​ប្រទេស​នា​យប់មិញ ក្នុងអំឡុងពេល​នៃ​ការ​កាន់ទុក្ខ​ចំពោះ​ការ​សោយ​ទិវង្គត​របស់​ព្រះមហាក្សត្រ​។ នេះ​បើតាម​សារព័ត៌មាន Channel News Asia នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​
​អាជ្ញាធរ​ថៃ​បាន​និយាយថា នៅក្នុង​ខេត្ត Songkhla សន្តិសុខ​ចំនួន​ពីរ​នាក់​ប្រចាំ​ហាង​តាំង​បង្ហាញ​រថយន្ត​មួយកន្លែង​ត្រូវបាន​បាញ់សម្លាប់ ហើយ​ក្រោយមក​ពួក​សកម្មប្រយុទ្ធ​ក៏បាន​បំផ្ទុះ​អគារ​នោះ​តែម្តង​។ ចំណែកឯ​នៅក្នុង​ហេតុការណ៍ មួយ​ផ្សេងទៀត​នៅក្នុង​ខេត្ត Pattani នាយទាហាន​មួយរូប​បាន​ស្លាប់បាត់​បង់ជីវិត​ដោយ​ជន​ប្រដាប់ អាវុធ​ចំនួន​បួន​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង បាន​បើក​ការបាញ់ប្រហារ​មកលើ​ទីតាំង​ឈរជើង​របស់​យោធា​។ អាជ្ញាធរ​បញ្ជាក់ថា ហេតុការណ៍​នេះ​កើតឡើង​នា​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃ​ពុធ និង​បានបញ្ចប់​ទៅវិញ​នៅមុន​ពាក់​កណ្តាលអធ្រាត្រ​៕
​គួរ​បញ្ជាក់ដែរថា ដើម្បី​ទប់ទល់​ទៅនឹង​ការកើនឡើង នៃ​ការវាយប្រហារ​ទាំងអស់​នេះ​នៅ​ភាគខាងត្បូង ប្រទេស កម្លាំងយោធា និង​ប៉ូលិស​ជាច្រើន​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅតាម​តំបន់​ជាពិសេស​ក្បែរ សាលារៀន​ដែល​ទើបតែ​ចាប់ផ្តើម​បវេសនកាល​ថ្មី​៕

patanni-bomb-940x527