សេអ៊ូល៖កាលពីម្សិលមិញតុលាការក្នុងទីក្រុងសេអ៊ូលបានចេញដីកាចាប់ខ្លួនអតីតទីប្រឹក្សាពីររូប របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ នៅក្នុងក្របខណ្ឌ នៃការស៊ើបអង្កេតជុំវិញរឿងអាស្រូវពាក់ព័ន្ធនឹងស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល។
យោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់តុលាការទីក្រុងសេអ៊ូលបានបញ្ជាក់ថា ដីកាត្រូវបានដល់ក្រុមរដ្ឋអាជ្ញា ដើម្បីចាប់ខ្លួនអតីតទីប្រឹក្សាពីររូប របស់លោកស្រី ផាក គឺនហេ គឺលោក អាន់ ឈុងប៊ុម និង លោក ជុង ហូស៊ុង ដោយក្រុមរដ្ឋអាជ្ញាបានដាក់ការសង្ស័យលើ លោក អាន់ ថាបានសហការជាមួយស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល ក្នុងការបង្ខំឱ្យបណ្ដាក្រុមហ៊ុនមួយចំនួនបង់ប្រាក់ដល់ទៅជិត៧០លានដុល្លារអាមេរិកដល់មូលនិធិសប្បុរសធម៌ចំនួនពីរ ដែលគ្រប់គ្រងដោយស្ត្រី ឆយ ស៊ូនស៊ីល។ លោក លោក អាន់ ឈុងប៊ុម និងលោក ជុង ហូស៊ុង សុទ្ធតែបានលាលែងពីតំណែងហើយ កាលពីខែតុលា ក្រោយរឿងស្រូវ លោកស្រី ផាក ផ្ទុះឡើង។
គួរបញ្ជាក់ថា ការចាប់ខ្លួននេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ នៅបន្ទាប់ពី ប្រជាជនក្នុងទីក្រុងសេអ៊ូលរាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្មតវ៉ាទាមទារឱ្យលោកស្រី ផាក គឺនហេ ចុះចេញពីមុខតំណែង៕