ដោយ៖ប៉ែនសុ ផល
បាត់ដំបង៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០១៦នេះបានចុះពិនិត្យនិងឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៩នាក់ដែលជ្រកកោនតាមរោងសិប្បកម្មនានាក្នុងខេត្តបាត់ដំបង។
លោក ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអោយដឹងថា មានជនជាតិវៀតណាមដែលលួចឆ្លងដែនខុសច្បាប់ជាច្រើននាក់មករស់នៅតាមគោលដៅធ្វើសិប្បកម្មធំៗក្នុងទីក្រុងភ្នំពេញ ហើយថ្មីៗនេះអ្នកទាំងនោះបានច្រាលពីភ្នំពេញយ៉ាងច្រើនចូលមកកាន់បណ្តារោងសិប្បកម្មនានាក្នុងខេត្តបាត់ដំបង។
ឯកឧត្តមបានអោយដឹងបន្តរថា ប្រតិបត្តិការចុះពិនិត្យនិងឃាត់ខ្លួនជនជាតិវៀតណាមគ្មានលិខិតស្នាមបញ្ជាក់ពីអត្តសញ្ញាណគ្រប់គ្រាន់នេះត្រូវបន្តរធ្វើនៅទូទាំងខេត្តបាត់ដំបងតែម្តង ជាក់ស្តែងពេលនេះកម្លាំងជំនាញបានបើកប្រតិបត្តិការចុះឃាត់ខ្លួនជនជាតិវៀតណាមលើ៣គោលដៅធំៗជាជំហានដំបូង ក្នុងនោះមានភូមិសាស្ត្រភូមិចិន២កន្លែង ភូមិវត្តរំដួល២កន្លែង ភូមិពោធិវង្ស១កន្លែងនិងភូមិរំចេក១ ចំនួន៣កន្លែងក្នុងក្រុងបាត់ដំបង សរុបទាំងអស់ចំនួន២៩នាក់ ក្នុងនោះមានស្រីចំនួន៥ផងដែរ។
ជនជាតិវៀតណាមដែលបានឃាត់ខ្លួនខាងលើកម្លាំងជំនាញកំពុងសាកសួរអត្តសញ្ញាណ បើជនណាម្នាក់មិនមានឯកសារត្រឹមត្រូវស្របច្បាប់ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់ស្រុកកំណើតវិញ រីឯជនដែលមានឯកសារគ្រប់គ្រាន់ក្នុងការរស់នៅត្រូវអោយវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញដែរ៕