សមត្ថកិច្ច​រក​មិនឃើញ​ក្រុមចោរ​ទាំង​ក្នុងព្រៃ និង​ក្នុង​បុរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 November, 2016 ក+ ក-

ដោយ​៖​បញ្ញា​
​ភ្នំពេញ​៖ក្រោយពី​មានការ​ឡោមព័ទ្ធ​ចាប់​មុខសញ្ញា​ប្លន់​យក​ទ្រព្យសម្បត្តិ ម្ចាស់​បណ្ណាគារ​ស៊ិន​ហួរ​របស់​ជនជាតិ​ចិន មុខ​ប្រ​លាន​យន្តហោះ បានសម្រេច ហើយ​បាន​បាញ់សម្លាប់​មនុស្ស​ម្នាក់ និង​របួស​ម្នាក់​តាំងពី​ម៉ោង​១ និង​៣៥​នាទី​រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លង​រយៈពេល​ជាច្រើន​ម៉ោង នៅ​ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៦ លោក យឹម សារ៉ាន់ អធិការនគរបាល បាន​ដឹកនាំ​កម្លាំងចម្រុះ ដើម្បី​ចុះ​រុករក​ក្នុង​ដីឡូត៍​នោះ​ដែល​ពោរពេញ​សំណង់​បាក់បែក​។​
​ក្នុង​បើក​ប្រតិបត្តិ​ការវាយលុក ស្វែងរក​ក្រុមចោរប្លន់​២​នាក់​នោះ​ដែល​លាក់ខ្លួន​សមត្ថកិច្ច​បាន​ប្រើ Dron ដើម្បី​ហោះ​ពីលើ​មើល​ក្នុងព្រៃ​ដែល​សង្ស័យថា​ក្រុមចោរ​លាក់ខ្លួន​មុននឹង​សម្រេច​លុកព្រៃ​ចូលចាប់​ក្រុមចោរ​។ យ៉ាងណាក៏ដោយ​គេ​មិនដឹងថា តើ​ក្រុមចោរ​ទាំង​២​នាក់​នោះ​ស្ថិតនៅ​ក្នុងព្រៃ​នោះ​ឬក៏​រត់គេច​បាត់​យ៉ាងណា​នោះទេ​។​
​គួររំលឹកថា ក្រុមចោរ​ក្រុមចោរ​ពីរ​នាក់​ស្លៀកពាក់​ស៊ីវិល និង​ពាក់​ម៉ាស់​មុខ បាន​ដើរ​ចូលទៅ​ក្នុងផ្ទះ​បើក​លក់​សៀវភៅ ប៊ិច និង​សម្ភារៈ​សិក្សា​របស់​ជនជាតិ​ចិន​ឈ្មោះ លូ បាយ​ហេង អាយុ ៥៤​ឆ្នាំ​។ ពេល​ចូលទៅ​ក្នុងផ្ទះ​ក្រុមចោរ​បាន​ទាញ​ទ្វារ​បិទ​ព្រមទាំង​បាន​ដក​កាំភ្លើង​ភ្ជង់​ម្ចាស់ផ្ទះ និង និយាយ​ភាសា​ចិន​ទារលុយ ព្រមទាំង​ទាញយក​ខ្សែករ​មួយ​ខ្សែ​ផងដែរ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយពេល​ក្រុមចោរ​កំពុង​ធ្វើ​សកម្មភាព​នោះ ភរិយា​របស់​ជនរងគ្រោះ ដែល​នៅ​ជាន់​លើ ក៏​ស្រែក​ជា​ភាសា​ចិន​ថា ចោរ​ចូល​ប្លន់ ធ្វើ​ឲ្យ​ក្រុមចោរ​ភ័យ ក៏​បើក​ទ្វារផ្ទះ​រត់គេចខ្លួន ដោយ​រត់​សំដៅ​ទៅខាង​រង្វង់​មូល​ចោមចៅ​។ ពេលទៅដល់​រោងចក្រ PPM ក្រុមចោរ​បាន​រត់​ចូលទៅក្នុង​បុរី ដែល​គេ​សាងសង់ឡើង​ក្នុង​ដី​ឡូ​តិ៍​។​
​ភ្លាមៗ​នោះ​សន្តិសុខ​យាម​ទៅ ដេញតាម​សួរនាំ ក្នុង​បំណង​ហាមឃាត់​ក្រុមចោរ​មិន​ចូលទៅក្នុង​បុរី​នោះ តែ​ជនល្មើស​នៅតែ​បន្ត​រត់​ទៅមុខទៀត ស្រាប់តែ​ជួប​ជនរងគ្រោះ​ឈ្មោះ យ៉េន រី​ណុង អាយុ ២៣​ឆ្នាំ​នៅក្នុង​ផ្ទះរ​ត់ទៅ​អើតមើល​ក៏បាន​បាញ់​មួយ​គ្រាប់​ចំ​ដើមទ្រូង បណ្តាល​ឲ្យ​ស្លាប់ ភ្លាមនោះ​មាន​បុរសរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ យូរ សុខ​ហេង នៅ​ជាន់​លើ​ក៏ត្រូវ​ជនល្មើស​បាញ់​មួយ​គ្រាប់​ចំ​កញ្ចក់​ខ្ទេ​ត​បំ​បែង​បណ្តាលអោយ​របួស ហើយ​ជនល្មើស​ក៏បាន​រត់​ចូលទៅ​ក្នុងព្រៃ​បាត់ស្រមោល​។​
តាម​ការសន្និដ្ឋាន​ក្រុមចោរប្លន់​ជា អ្នកបាញ់​មាន​អាយុ​ប្រហែល ៣៥​ឆ្នាំ កម្ពស់​ប្រហែល ១.៧២​ម៉ែត្រ មាន​មាឌ​ស្តើង​។ ជនសង្ស័យ​ម្នាក់ទៀត អាយុ​ប្រហែល​៣៤​ឆ្នាំ មាន​រាងស្តើង​កម្ពស់​ប្រហែល​១.៦៨​ម៉ែត្រ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រុមចោរ​បាន​ប្លន់​យកលុយ ពី​ក្នុង​បណ្ណាគារ​របស់​ជនជាតិ​ចិន​យកលុយ ៥០០​ដុល្លារ និង​ខ្សែ​កមួយ​ខ្សែ​ទម្ងន់​ប្រមាណ​១​តម្លឹង​។​
​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ចាប់​ជនល្មើស​មក​ផ្តោ​ន្ទា​ទោស​តាមផ្លូវ​ច្បាប់​៕

fn-2016-11-07-10-11-33-7fn-2016-11-07-09-50-41-10