សេអ៊ូល៖ប្រធានគណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូងលោក Lee Jung-hyunបានប្រកាសថា លោកនឹងលាលែងពីតំណែងនាពេលឆាប់ៗនេះដើម្បីឆ្លើបតបទៅទៅនឹងការចលាចលដែលបានបង្កឡើងដោយរឿងអាស្រូវនយោបាយ នៃប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ។
លោក Lee បានថ្លែងបែបនេះ ធ្វើឡើងបន្ទាប់ពីសមាជិកសភារបស់គណបក្ស Saenuri ជាច្រើននាក់ បានទាមទារឲ្យលោកចុះចេញពីតំណែង ដោយសម្អាងលើការលើកឡើងថាប្រធានគណបក្សសព្វថ្ងៃ គួរតែជាអ្នកទទួលខុសត្រូវចំពោះភាពបរាជ័យក្នុងការរកដំណោះស្រាយ ដ៏សក្តិសមមួយសម្រាប់រឿងអាស្រូវ ដែលស្ទើរតែធ្វើឲ្យកកស្ទះដល់កិច្ចការរដ្ឋនានា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ប៉ុន្តែប្រធានគណបក្សកាន់អំណាចរូបនេះ បានបដិសេធមិនលាលែងពីតំណែងភ្លាមៗនោះឡើយ ដោយលោកបានបានបន្ថែមថា ខ្ញុំចង់ស្នើសុំពេលវេលាខ្លះដើម្បីគ្រប់គ្រងវិបត្តិនេះ និងជួយដល់ប្រធានាធិបតី ដែលកំពុងតែប្រឈមមុខនឹងបញ្ហាដ៏ធ្ងន់ធ្ងរ ហើយពួកយើងគួរតែរួមដៃគ្នាជំនួសឲ្យការឈ្លោះទាស់ទែងគ្នា ដើម្បីជម្នះវិបត្តិនយោបាយក៏ខ្មៅងងឹតមួយនេះ ហើយខ្ញុំនឹងចុះចេញពីតំណែងនាពេលអនាគត នៅពេលដែលខ្ញុំមើលឃើញថាបញ្ហាត្រូវបានដោះស្រាយចប់រួចរាល់៕