ខេត្តពោធិ៍សាត់៖កម្មករសំណងនៅវិទ្យាល័យហ៊ុនសែនរំលេចម្នាក់ ត្រូវបានឆ្លង់ចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលត្រូវបានគេសង្ស័យកម្មកររូបនេះបានដើរចុះទៅត្រួតពិនិត្យម៉ូទ័របូមទឹកស្រះខាងក្រោយសាលា ហើយអាចបណ្តាលមកពីភ្លេចដក់ឌុយខ្សែភ្លើង។
ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចស្រះទឹកក្នុងបរិវេណវិទ្យាល័យរំលេច ស្ថិតក្នុងភូមិប្រឡាយរំដេញ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលរដ្ឋបាលរំលេចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ រិន រិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ បច្ចុប្បន្នមានទីលំនៅភូមិផ្លង ឃុំនាងដៃ ស្រុកអង្គរជុំ ខេត្តសៀមរាប មកបម្រើការងារនៅចំណុចនិងភូមិ-ឃុំកើតហេតុខាងលើ។
ប្រភពខាងលើនេះបន្តថា សាកសពជនរងគ្រោះត្រូវបាននារីកម្មករសំណងដូចគ្នាប្រទះឃើញនៅពេលគាត់ដើរទៅដងទឹកដើម្បីយកមកដាំបាយ ដូច្នេះជនរងគ្រោះត្រូវបានឆ្លង់ចរន្តអគ្គិសនីឆក់ស្លាប់ អាចបណ្តាលមកពីភ្លេចដក់ឌុយខ្សែភ្លើងនៅកន្លែងធ្វើការ (ក្នុងសាលារៀន) ហើយគាត់បានដើរទៅស្រះទឹកខាងក្រោយសាលាចម្ងាយប្រមាណ ៣០ម៉ែត្រ ដើម្បីធ្វើការត្រួតពិនិត្យម៉ូទ័របូមទឹក ប៉ុន្តែជាអកុសលក៏ត្រូវបានឆ្លង់ចរន្តអគ្គិសនីឆក់ស្លាប់បែបនេះ។
ប្រភពដដែលបន្តទៀតថាក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានសហការណ៍គ្នាចុះទៅធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ ដើម្បីស្រង់ចម្លើយនានានិងចាប់យកវត្ថុតាងឈានទៅធ្វើការសន្និដ្ឋាន ជនរងគ្រោះពិតជាអាចស្លាប់ដោយសារឆ្លង់ចរន្តអគ្គិសនីពិតប្រាកដ ដូច្នេះក៏ធ្វើការទំនាក់ទំនងជាមួយម្ចាស់សំណងនិងសាច់ញាតិក្រុមគ្រួសារជនរងគ្រោះដើម្បីចាត់ចែងតាមនីតិវិធី៕