ខេត្តសៀមរាប៖តាមភ្នាក់ងាររាយការណ៍ថា មកដល់ពេលនេះ ករណីកាប់ឈើគ្រញូងនៅតំបន់អង្គរ ត្រូវ បញ្ជូនទៅតុលាការ ខណៈដែលសមត្ថកិច្ចក៏កំពុងស្វែងរកមុខអ្នកដែលជាប់ពាក់ព័ន្ធ និងការកាប់ឈើគ្រញូងដ៏មានតម្លៃនោះផងដែរ។
សូមជម្រាបថា ឈើគ្រញូងមួយដើមដែលត្រូវបានកាត់ផ្តួលដោយអាជ្ញាធរអប្សរាត្រូវបានរដ្ឋបាលព្រៃឈើខេត្តសៀមរាបដឹកយកទៅរក្សាទុកបណ្ដោះអាសន្ននៅរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីក្នុងឃុំព្រះដាក់ទោះបីពលរដ្ឋតវ៉ាមិនឲ្យដឹកចេញក៏ដោយ ។
អាជ្ញាធរអប្សរាបានឲ្យដឹងថាដើមគ្រញូង ១ ដើមដែលមានមុខកាត់ជិត ៩ តឹក និងកម្ពស់ជិត ១០ ម៉ែត្រមានទីតាំងស្ថិតក្នុងឧទ្យានជាតិអង្គរខាងកើតវត្តថ្មីដំរីសែនជ័យក្នុងភូមិនគរក្រៅ ឃុំគោកចក ក្រុងសៀមរាបត្រូវបានអាជ្ញាធរអប្សរាកាត់ផ្តួលកាលពីថ្ងៃអាទិត្យក្រោយពេលឈើដ៏កម្រ និងមានតម្លៃបំផុតនេះត្រូវបានរាយការណ៍ថាមានជនខិលខូចលួចអារបានមួយភាគក្នុងបំណងលួចដឹកចេញ។
មន្ត្រីអាជ្ញាធរអប្សរាបានបញ្ជាក់ថា មូលហេតុដែលត្រូវកាប់ដើមឈើនេះ ព្រោះថា ទី ១ គឺដើម្បីការពារកុំឲ្យវាដួលរលំដែលអាចមានគ្រោះថ្នាក់ដល់អ្នកដំណើរ ឬអ្នកដែលមកជ្រកក្រោមដើមគ្រញូងនេះ និង ទី ២ គឺកាប់យកទៅរក្សាទុកកុំឲ្យជនខិលខូចលួចកាប់បន្តទៀតក្រោយពេលជនខិលខូចទាំងនោះបានលួចកាប់កាលពីថ្ងៃទី ៤ ខែតុលាសល់តែ ២ តឹកប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរួមទាំងមន្ត្រីជំនាញ បានអះអាងថា ឈើនេះ ជនខិលខូចបានអារអស់ប្រមាណ១តឹកប៉ុណ្ណោះ ដូច្នេះអាចរក្សាទុកបាន ប៉ុន្តែមន្ត្រីអាជ្ញាធរអប្សរាបានទៅកាប់រំលំតែម្តង ដែលធ្វើឲ្យមានការសង្ស័យយ៉ាងខ្លាំង ។ ផ្តើមពីនោះប្រជាពលរដ្ឋ រួមទាំងមន្ត្រីបរិស្ថានបានលើកឡើងថា ការកាប់ឈើក្រញូងមួយដើមនៅតំបន់អង្គរនេះ ស្ថិតក្នុងភាពអាថ៌កំបាំង និងលាក់លៀមបំផុត ដែលសមត្ថកិច្ចត្រូវតែវែកមុខឲ្យឃើញជនខិលខូច បើពុំនោះទេ ពួកគាត់មិនសុខចិត្តនោះឡើយ៕