លោក ដូ​ណា​ល់​ត្រាំ ជា​នរណា ?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 November, 2016 ក+ ក-

​លោក ដូ​ណា​ល់ ត្រាំ បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥ ដោយបាន​យកឈ្នះ​លើ​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន នៅក្នុង​ការបោះឆ្នោត​ថ្ងៃទី ៨​វិច្ឆិកា​។ ជា​បេក្ខជន​មកពី​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់​ត្រាំ គឺជា​មហាសេដ្ឋី​ដ៏​កំពូល​ម្នាក់​របស់​អាមេរិក ជា​អ្នកជំនួញ​ធំ ក្នុង​វិស័យ​អចលនទ្រព្យ មុននឹង​ចូលប្រលូក​នយោបាយ​។​
​កើត​នៅ​ថ្ងៃទី ១៤ មិថុនា ឆ្នាំ ១៩៤៦ នៅ​ក្រុង​ញូវយ៉ក ក្នុង​សង្កាត់​ដែល​កាលសម័យ​នោះ​មានតែ​ជនជាតិ​ស្បែក​ស​រស់នៅ​។ ដល់​អាយុ​ចូល​សាលា លោក ដូ​ណា​ល់ ត្រាំ ទៅបាន​ឪពុកម្តាយ​បញ្ជូនទៅ​រៀន​នៅក្នុង​សាលា​យោធា ដើម្បី​បំពត់​អត្ត​ច​រិ​ក​រប៉ិលរប៉ូច ចាប់​មិន​ឈ្នះ​។​
​លោក​ជា​កូន​ទី​៥​ក្នុង​ត្រកូល​អ្នកជំនួញ និង​ជា​គ្រួសារ​អន្តោប្រវេសន៍ ដោយមាន​ឪពុក​ជា​ជនជាតិ​អាល្លឺម៉ង់ ធ្វើដំណើរ​ផ្សងព្រេង​តាម​កប៉ាល់​មក​អាមេរិក និង​ម្តាយ​ជា​ជនជាតិ​អេកូ​ស​។ ត្រកូល ត្រាំ ជា​គ្រួសារ​គំរូ​របស់​អាមេរិក តំណាង​ជោគជ័យ ប្រឹងប្រែង​រកស៊ី​ខ្លាំង និង​បាន​ចូលរួមចំណែក​អភិវឌ្ឍន៍ សង្កាត់ Jamaica Estates ដោយ​សាង​សង់ផ្ទះ​យ៉ាងច្រើន​។
​ក្រោយ​បញ្ចប់​ការសិក្សា​ផ្នែក​ពាណិជ្ជកម្ម​នៅ​សកលវិទ្យា​ល័យ Pennsylvanie លោក ដូ​ណា​ល់ ត្រាំ បាន​ចូលធ្វើការ​ក្នុង​ក្រុមហ៊ុន​របស់​ឪពុក​នៅ​ឆ្នាំ​១៩៦៨​។ នៅ​ឆ្នាំ​១៩៧១ លោក ដូ​ណា​ល់​ត្រាំ បានទទួល​ជំនួយ​ពី​ឪពុក ចំនួន​១​លាន​ដុល្លារ ដើម្បី​ផ្សងព្រេង​ក្នុង​វិស័យ​អចលនទ្រព្យ និង​គ្រប់គ្រង​ក្រុមហ៊ុន​របស់​គ្រួសារ​បន្ត​។ ប៉ុន្តែ​ខុស​ឪពុក ដែល​សង់ផ្ទះ​សម្រាប់​គ្រួសារ​ឋានៈ​មធ្យម ថ្នាក់កណ្តាល លោក ដូ​ណា​ល់ ត្រាំ ជ្រើសរើស​ភាពទំនើប​និង​ប្រណិតៗ អាគារ​ខ្ពស់ៗ កាស៊ីណូ សណ្ឋាគារ … នៅ​សង្កាត់​ម៉ា​ណា​តាន់ កណ្តាល​ទីក្រុង​ញូវយ៉ក ក្នុងពេលដែល​តម្លៃ​នៅ​ថោក​នៅឡើយ​។ ជំនួញ​របស់លោក បានផ្តល់​ផ្លែផ្កា​និង​ជោគជ័យ​ខ្លាំង ! នៅ​ឆ្នាំ​១៩៨០ លោក​បាន​ក្លាយជា​អ្នកជំនួញ ដែលមាន​ជោគជ័យ​បំផុត និង​ក្លាយជា​មហាសេដ្ឋី មាន​ប្រាក់​ដល់​ទៅ​វាល់​ពាន់​លាន​ដុល្លារ​។​
​នៅ​ឆ្នាំ​១៩៩០ ជីវិត​ឯកជន​របស់​បាន​ផ្ទុះឡើង​យ៉ាង​ផុសផុល​ក្នុង​ទំព័រមុខ​របស់​សារព័ត៌មាន អាមេរិក​។ ការ​លែងលះ​លើកដំបូង​របស់លោក បាន​ចំណាយ​ប្រាក់​អស់​រាប់លាន​។ លោក ដូ​ណា​ល់ ត្រាំ ឆ្លងកាត់​ការខាតបង់ ដល់​ទៅ​បួន​ដង​តែ​អាច​ស្ទុះ​ងើបឡើង​វិញ រហូត​ឈ្មោះ​លោក​បានក្លាយ ម៉ាក ៖ ម៉ាក​ផលិតផល​ប្រណិត ម៉ាក​ស្រា vodka ម៉ាក​សាច់គោ Steaks Trump​។ ភាពល្បីល្បាញ​របស់លោក​បាន​រីក​កាន់​ធំ ដោយ​លោក​ធ្លាប់​ធ្វើជា​ពិធីករ​ទូរទស្សន៍ ជាតា​រា​ដ៏​ល្បីល្បាញ ក្នុង​កម្មវិធី The Apprentice ដែលមាន​អ្នកតាមដាន​ទស្សនា​ដល់​ទៅ​ជាង​៥០​លាន​នាក់​។​
​លោក​បាន​ចូលប្រលូក​ក្នុង​ជីវិត​នយោបាយ​នៅ​ឆ្នាំ​១៩៨០ ក្នុងនាម​ជា​អ្នកប្រជាធិបតេយ្យ បន្ទាប់មក​បាន​ផ្តាច់ខ្លួន​មក​ចូលបក្ស​សាធារណរដ្ឋ​នៅ​ឆ្នាំ​១៩៨៧ ហើយ​ត្រលប់​ចូលទៅ​បក្ស​ប្រជាធិបតេយ្យ​វិញ នៅ​សម័យ​លោក ច​ច ប៊ូ​ស​ជា​ប្រធានាធិបតី ព្រមទាំង​បាន​សម្តែង​ការគាំទ្រ​លោកស្រី​គ្លី​ន​តុ​ន នៅ​ឆ្នាំ​២០០៨​ផង​។​
​លោក​បាន​សាកល្បង​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ម្តង​ជា​ពីរដង (១៩៨៨-២០០០)​មិនបាន​សម្រេច ទើប​នៅ​ឆ្នាំ​២០១២ លោក​បាន​វិល​មកកាន់​បក្ស​សាធារណរដ្ឋ ជាមួយនឹង​ការគាំទ្រ លោក មី​ត​រ៉ូម​នី និង​បាន​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ ដោយ​គ្មាន​នរណា​គិតដល់ នៅ​ឆ្នាំ​២០១៥​។ នៅ​ថ្ងៃទី​៨ វិច្ឆិកា ២០១៦ លោក បាន​បង្ក​ការភ្ញាក់ផ្អើល ដោយបាន​ជាប់ឆ្នោត​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី​៤៥៕

15002307_1408284715879011_3809126845038399485_o