ខេត្តកំពត៖សមត្ថកិច្ចបានចាប់វ៉ៃខ្នោះ អនុរដ្ឋលេខាធិការក្រសួងធម្មការម្នាក់ ឈ្មោះ នាក់ សំបូរ អាយុជាង៣០ឆ្នាំ រឿងជំពាក់ប្រាក់អ្នកលក់គ្រឿងសំណង់ រហូតដល់ជាង២០ម៉ឺនដុល្លារ ដើម្បីយកទៅកសាងវត្តមួយនៅខេត្តកំពត ដើម្បីចង់បានងារជាឧកញ៉ា។
លោក ហែម ចាន់ដារ៉ា មេបញ្ជាការ PM ខេត្តបានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងនៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ឃុំខ្លួនចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ របស់លោក ហុង សុគុណវឌ្ឍនា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពត ពីបទ «រំលោភលើទំនុកចិត្ត»។ លោកថា ការចាប់ខ្លួនជនសង្ស័យរូបនេះ ដោយសារតែគាត់ ទិញគ្រឿងសំណង់របស់គេ យកទៅកសាងវត្តរហូតដល់ជាង២០ម៉ឺនដុល្លារ តែមិនព្រមសង។
យ៉ាងណាក៏ដោយ មន្ត្រីក្រសួងធម្មការម្នាក់ បានឲ្យដឹងថា លោក នាក់ សំបូរ ពិតជាមានតួនាទី ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ ពិតប្រាកដមែន តែទើបនឹងទទួលបានព្រះរាជក្រឹត្យ តែងតាំងនាពេលថ្មីៗនេះទេ ។ លោកថា លោក នាក់ សំបូរ ពីមុនធ្លាប់បួសជាព្រះសង្ឃនៅប្រទេសថៃ ហើយក្រោយមកត្រូវបានតែងតាំងជាជំនួយការលោក មិន ឃិន អតីតរដ្ឋមន្ត្រីក្រសួងធម្មការ តែក្រោយពេលលោក មិន ឃិន ស្លាប់ទៅ ស្រាប់តែទៅរត់ការ បានរហូតជាអនុរដ្ឋលេខាធិការក្រសួងតែម្តងធ្វើឲ្យគេភ្ញាក់ផ្អើលគ្រប់គ្នា តែម្តង៕