រាជធានីភ្នំពេញ៖សាលារាជធានីភ្នំពេញ បាននិងកំពុងរៀបចំការស្នាក់នៅ របស់កីឡាករអុំទូកទាំង ១៧ ០០០នាក់ ចំនួន ៥មណ្ឌល ដើម្បីឲ្យពួកគាត់បានសម្រាក់ ក្នុងឱកាសដែលនឹងមកចូលរួម ការប្រណាំងអុំទូក ទាំង៣ថ្ងៃ គឺចាប់ពី ថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ។
យោងតាមបណ្ដាញទំនាក់ទំនងសង្គម (Facebook) លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា “រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំមណ្ឌលស្នាក់នៅ ដូចជា ទី១. សាងសង់រោងចំនួន ១៥០រោង, ទី២. សាងសង់បង្គន់ចំនួន ២០០បង្គន់, ទី៣. សាងសង់បន្ទប់ងូតទឹករួម ចំនួន ៣៤កន្លែង, ទី៤. រៀបចំកន្លែងដាំបាយចំនួន ៣៦កន្លែង និងទី៥. ផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវ និងក្នុងរោងស្នាក់នៅ”។
លោកបានបន្តថា ជាមួយគ្នានោះ សាលារាជធានី នឹងរៀបចំផ្គត់ផ្គង់ទឹកស្អាត ដោយតបណ្តាញបំពង់រដ្ឋាករទឹក ប្រវែង ៤គ.ម, រៀបចំដេប៉ូ និងប្រមូលសំរាម, សាងសង់រោងគណៈកម្មាការស្នាក់នៅ, ស្នាក់ការគិលានសង្គ្រោះបន្ទាន់ និងរៀបចំប្រគុំតន្ត្រីចំនួន ២កន្លែង សម្តែងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ និងអាជ្ញាធរជាតិប្រឆាំងជម្ងឺអេដស៍។
សូមបញ្ជាក់ថា ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ទាំង៣ថ្ងៃ មានទូកងមកពីរាជធានី-ខេត្ត ចូលរួមប្រកួតមានចំនួន ១៥៦ទូក។ ដើម្បីបញ្ចៀសនូវការកក់ស្ទះចរាចរណ៍ លោកអភិបាលរាជធានី ក៏បានប្រកាស ហាមមិនឲ្យរថយន្តធុនធ្ងន់ៗ បើកបរចូលក្នុងរាជធានីភ្នំពេញនោះទេ និងការដ្ឋានសំណង់ផ្លូវនានា ក៏បានឲ្យផ្អាកដំណើរការ ចំនួន ៤ថ្ងៃដែរ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា។
ដោយឡែក ចំពោះបញ្ហាសន្តិសុខវិញ នឹងប្រើប្រាស់កម្លាំង ប្រមាណជាង ១ម៉ឺននាក់ ដើម្បីការពារសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលនឹងមកចូលរួមកម្សាន្តសប្បាយ ផងដែរ៕