ស្ត្រីសកម្មជនដីធ្លីបឹងកក់ម្នាក់ទៀតត្រូវតុលាការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ
រាជធានីភ្នំពេញ៖សកម្មជនដីធ្លីនៅសហគមន៍បឹងកក់ម្នាក់ទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ដាក់កំហិតឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយបានដកសិទ្ធិមួយចំនួនក្នុងនាមជាពលរដ្ឋ ពាក់ព័ន្ធនឹងរឿងរាវជម្លោះកាលពី៥ឆ្នាំមុន។ ស្ត្រីរូបនោះឈ្មោះ ឆេង លាភ ជាសកម្មជនដីធ្លីនៅបឹងកក់ ។
អ្នកស្រី ឆេង លាភ ប្រាប់អ្នកសារព័ត៌មានថា កាលពីម្សិលមិញតុលាការបានកោះហៅគាត់ឲ្យចូលបំភ្លឺ ទាក់ទងសំណុំរឿងព្រហ្មទណ្ឌ ដែលប្តឹងដោយឈ្មោះ លី មុំ កាលពីឆ្នាំ២០១២ បន្ទាប់មកតុលាការបានសម្រេចដាក់អ្នកស្រីឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការក្រោមបទចោទជេរប្រមាថជាសាធារណៈ និងគំរាមសម្លាប់។ ប៉ុន្តែគាត់បដិសេធថា ពួកគាត់មិនបានជេរប្រមាថ និងគំរាមសម្លាប់អ្នកណានោះទេ៕