រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង្ស ជួនណារ៉ុន បានលើកឡើងថា យុវជនទាំងអស់ របស់កម្ពុជា មិនបានទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស ឬជំនាញវិជ្ជាជីវៈ មុនចេញទៅធ្វើការ យុវជនភាគច្រើនធ្វើការងារ ដែលមានកម្រៃកម្លាំងពលកម្មទាប នៅក្នុងវិស័យកសិកម្ម និងសហគ្រាសខ្នាតតូច ហើយកម្លាំងពលកម្មវ័យក្មេង ប្រមាណជាង៩០ភាគរយ មិនបានបញ្ចប់កម្រិតធម្យមសិក្សា ។ លោកបន្តថា សិស្សដែលមានលទ្ធភាពបន្តការសិក្សា ក្នុងកម្រិតមធ្យមសិក្សា ក៏មិនទទួលបាននូវផលប្រយោជន៍ធំដុំអ្វីទេ ដោយសារតែគុណភាពអប់រំ នៅមានកម្រិតទាប។
លោករដ្ឋមន្ត្រីលើកឡើងដូច្នេះ នៅក្នុងសិក្ខាសាលាស្តីពី យុវជន និងសហគ្រិនភាព មាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅរកអាជីព នាពេលអនាគត ដែលបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ២០១៦ម្សិលមិញនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។
លោក ហង់ ជួនណារ៉ុន បានបន្ថែមថា ចំណែកឯនិស្សិតដែលមានឱកាស បន្តការសិក្សានៅឧត្តមសិក្សា ភាគច្រើនជ្រើសរើស មុខជំនាញ ផ្នែកវិទ្យាសាស្ត្រសង្គម ក្នុងពេលដែលស្ថានភាពសេដ្ឋកិច្ចកម្ពុជា ត្រូវការអ្នកជំនាញផ្នែកវិស្វករ កម្មករជំនាញ និងភាពជាសហគ្រិន ដូច្នេះពួកគេនៅមានភាពលំបាក ក្នុងការស្វែងរកការងារធ្វើ ដោយសារតែជំនាញដែលពួកគេរៀន មិនត្រូវតាមតម្រូវការទីផ្សារការងារ។
លោក ហង្ស ជួនណារ៉ុន ក៏បានជម្រុញឲ្យនិស្សិតទាំងអស់ សិក្សាជំនាញភាពជាសហគ្រិន ដើម្បីតម្រូវទៅតាមទីផ្សារការងារ និងដើម្បីចូលរួមជម្រុញស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើនខ្លាំងឡើង។ លោកបន្តថា និន្នាការយុវជនកម្ពុជារបស់យើង ជាសហគ្រិនមានច្រើន ហើយក្រសួងអប់រំ យុវជន និងកីឡា ក្នុងមួយឆ្នាំ ជម្រុញឲ្យយុវជនចំនួន០២ភាគរយ ក្នុងចំណោមយុវជនសរុប ក្លាយខ្លួនជាសហគ្រិន ដើម្បីបង្កើតការងារ និងបង្កើតក្រុមហ៊ុន៕