ហ្វីលីពីន៖ប៉ូលិសប្រទេសហ្វីលីពីននឹងដំណើរការទៅមុខជាមួយនឹងការទិញកាំភ្លើង២៦,០០០ដើមពីអ្នកផ្គត់ផ្គង់សហរដ្ឋអាមេរិក។ នេះបើតាមការលើកឡើងរបស់មេប៉ូលិសនៅថ្ងៃចន្ទបន្ទាប់ពីមាន លោកប្រធានាធិបតី Rodrigo Duterte ធ្លាប់បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងត្រូវបោះបង់ចោល។
កាលពីសប្តាហ៍មុន លោក Duterte បានសម្តែងកំហឹងដាក់ “មនុស្សល្ងីល្ងើ” និង “សត្វស្វា” នៅក្នុងទីក្រុងវ៉ាស៊ីនតោនដែលកំពុងព្យាយាមរារាំងកិច្ចព្រមព្រៀងនេះហើយបាននិយាយថាលោកនឹងបោះបង់ចោលវាដោយខ្លួនឯង។ ប៉ុន្តែមេប៉ូលិសរបស់លោក Duterte បាននិយាយថា គាត់បានលុបចោលការសម្រេចនោះវិញបន្ទាប់ពីការឈ្នះឆ្នោតដ៏ភ្ញាក់ផ្អើលរបស់លោក Donald Trump ខាងគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
លោក Dela Rosa មេប៉ូលិសជាតិហ្វីលីពីន (PNP) បានប្រាប់សន្និសីទកាសែតមួយថា “លោកប្រធានាធិបតីបានប្រាប់ខ្ញុំឲ្យបន្តកិច្ចព្រមព្រៀងនេះ”។ លោកបន្តថា “ដំណើរការនៃឯកសារនេះត្រូវបានបន្តយ៉ាងរលូន យើងទទួលពរជ័យពីលោកប្រធានាធិបតីដើម្បីបន្តប្រតិបត្តិការនេះ”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Dela Rosa មិនបាននិយាយទេថាតើហេតុអ្វីបានជាលោក Duterte ផ្លាស់ប្តូរចិត្តរបស់គាត់ប៉ុន្តែលោកបាននិយាយថា នឹងមានប្រធានាធិបតីថ្មីនៅទីក្រុងវ៉ាស៊ីនតោនហើយលោកនិងលោក Donald Trump គឺជាមិត្តភក្តិនឹងគ្នា។
លោកប្រធានាធិបតី Duterte ដែលនិយាយឥតសំចៃគឺបានខឹងសម្បារសហរដ្ឋអាមេរិកដែលមានការព្រួយបារម្ភអំពីការបង្ក្រាបគ្រឿងញៀនដែលគាត់បាននិយាយថាគឺជារឿងចាំបាច់ដើម្បីជួយសង្គ្រោះប្រទេសរបស់លោកពីការបំផ្លិចបំផ្លាញ។
លោកតែងតែជេរប្រទេចដាក់រដ្ឋបាលរបស់លោក Obama ប៉ុន្តែបានបង្ហាញពីចំណាប់អារម្មណ៍ចង់ធ្វើការជាមួយលោក Trump ៕