ខេត្តស្ទឹងត្រែង៖រថយន្តដឹកឈើប្រណីតមួយគ្រឿងត្រូវបានបង្ក្រាបដោយកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមបទបញ្ជារបស់មេ បញ្ជាការអាវុធហត្ថខេត្ត ដោយសារមានសេចក្តីរាយការណ៍ថា រថយន្តមួយគ្រឿងនោះបានលួចដឹកឈើប្រណីត ឆ្ពោះទៅកាន់ទីផ្សារគោលដៅ នៅវេលាម៉ោង៧ និង២០នាទីយប់ ក្នុងថ្ងៃទី១៤វិច្ឆិ នៅលើផ្លូវជាតិលេខ៧Aត្រង់ចំណុចប្រសព្វ និងផ្លូវជាតិលេខ៩ថ្មី ស្ថិតក្នុងភូមិរាជានុកូល សង្កាត់/ក្រុងស្ទឹងត្រែង ។
ក្រោយការបង្ក្រាបបានរថយន្តដឹកឈើប្រណិតមួយគ្រឿងនោះរួចមក សមត្ថកិច្ចអាវុធហត្ថបានយកទៅកាន់ទីបញ្ជាការដ្ឋានអាវុធ ហត្ថខេត្តទាំងយប់ផងដែររួមទាំងអ្នកបើកបរ ។ ឯនៅព្រឹកថ្ងៃទី១៥នេះទើបកម្លាំងអាវុធហត្ថធ្វើការប្រគល់រថយន្តដឹកបទល្មើសនិងឈើប្រណិតរួមនិងអ្នកបើកបរជូនទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្ត ។
មន្ត្រីរដ្ឋបាលព្រៃឈើជំនាញបានឲ្យដឹងថា រថយន្តដែលដឹកឈើប្រណិតត្រូវបានបង្ក្រាបនេះជាប្រភេទរថយន្តសាំយ៉ុងពណ៌សំបក ឪឡឹក ពាក់ស្លាកលេខភ្នំពេញ2W.0847 ហើយអ្នកបើកបរមានឈ្មោះហួ ជៀប អាយុ២៥ឆ្នាំ រស់នៅភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុក ចិត្របុរី ខេត្តក្រចេះ ។ រីឯឈើប្រណិតដែលផ្ទុកក្នុងរថយន្តខាងលើនោះជាប្រភេទឈើធ្នង់មានចំនួន៥៣ដុំ ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តដឹកឈើមួយគ្រឿងនេះចេញពីក្នុងក្រុងស្ទឹងត្រែងឆ្ពោះទៅកាន់ប្រទេសវៀតណាម រី ឯម្ចាស់ឈើត្រូវបានគេស្គាល់ថាឈ្មោះវ៉េត ហើយសេចក្តីរាយការណ៍បានឲ្យដឹងទៀតថារថយន្តដឹកឈើខាងលើនេះ បំរុងលោតឆ័ត្រតែដោយមានសេចក្តីរាយការណ៍ទៅដល់សមត្ថកិច្ច ទើបត្រូវអាវុធហត្ថបង្ក្រាបបានតែម្តង ។
បច្ចុប្បន្ន រថយន្តដឹកឈើនិងវត្ថុតាងឈើប្រណិតរួមទាំងអ្នកបើកបរនិងជាម្ចាស់រថយន្តត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើកំពុងកសាងសំណុំរឿងត្រៀមនិងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕