​គ្រូបង្រៀន​ចាប់​កូនសិស្ស​រំលោភ​បានសម្រេច​៤​ដង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 November, 2016 ក+ ក-

​ខេត្តកំពង់ធំ​៖​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​ឈ្មោះ ស្រី ឃីម ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក រស់នៅ​ភូមិ​ពោធិ៍​បាក់​.​ក សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។ ចំណែក​ក្មេងស្រី​រងគ្រោះ​ទើបតែ​មាន​អាយុ​១២​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៣​។​
​សមត្ថកិច្ច​បញ្ជាក់ថា ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​ពី​ម្តាយ​របស់​សិស្សស្រី​ថ្នាក់​ទី​៣​ម្នាក់​ចោទប្រកាន់ថា បាន​រំលោភ​កូនស្រី​របស់គាត់​រហូត​ដល់​ទៅ​៤​ដង​។ សមត្ថកិច្ច​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ទទួល​ពាក្យបណ្ដឹង​ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​យកមក​ធ្វើការ​សាកសួរ ។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ជា​គ្រូបង្រៀន​ឈ្មោះ ស្រី ឃីម បាន​សារភាពថា ខ្លួន​ពិតជា​បាន​រំលោភ​ក្មេងស្រី​រងគ្រោះ​បានសម្រេច​៤​ដង​ដូច​ការចោទប្រកាន់​មែន​
​ដោយឡែក​បើតាម​ប្រភពពី​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​រៀបរាប់​នៅក្នុង​ពាក្យបណ្ដឹង​ថា កាលពី​ថ្ងៃទី​៧, ៨, ៩ និង​ថ្ងៃ​ចុងក្រោយ​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦ ជនសង្ស័យ​ជា​គ្រូបង្រៀន​រូបនេះ​បាន​ចាប់រំលោភ​កូនស្រី​របស់គាត់​ដែល​ទើបតែ​មាន​អាយុ​១២​ឆ្នាំ​បានសម្រេច​ជា​បន្តបន្ទាប់​រហូតដល់​ទៅ​៤​ដង​នៅផ្ទះ​របស់​ជនសង្ស័យ ។ បន្ទាប់ពី​គាត់​ដឹង​ការពិត គាត់​ជា​ម្តាយ​ក៏​ទៅ​ដាក់​ពាក្យបណ្ដឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ និង​ចាប់ខ្លួន​ជនសង្ស័យ​យកទៅ​កាត់ទោស​តាមច្បាប់​៕

0e065cfd-f6d4-47a4-a36e-3c82bcb8bfbd-copy