រាជធានីភ្នំពេញ៖សំណើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់ អ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ត្រូវបានលោក ងួន រតនា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្រេចបដិសេធ។
អ្នកស្រី ទេព វន្នី ត្រូវបានតុលាការចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ ។ សកម្មជនបឹងកក់ អ្នកស្រី ទេព វន្នី បន្តជាប់ឃុំក្នុងពន្ធនាគារ ខណៈដៃគូគឺអ្នកស្រី បូវ សោភា ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ។
គួររម្លឹកថា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កន្លងទៅសម្រេចកែប្រែបទចោទប្រកាន់លើស្ត្រីបឹងកក់ពីរនាក់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថាជាចលនាបដិវត្តន៍ពណ៌មកជាបទ«ប្រមាថ» វិញ៕