មូស្គូ៖យោងតាមសារព័ត៌មាន Euronews ចេញផ្សាយថា រដ្ឋាភិបាលរុស្ស៊ីបានបង្ហាញពីគោលបំណងក្នុងការដើរចេញ ក៏ដូចជាដកមកវិញនូវហត្ថាលេខារបស់ខ្លួនលើលក្ខន្តិកៈទីក្រុងរ៉ូមស្ដីពីសន្ធិសញ្ញាបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដោយបន្ទោសតុលាការអន្តរជាតិ មួយនេះមិនមានឯករាជ្យភាព។
ទីក្រុងមូស្គូ បានចុះហត្ថាលេខាលើលក្ខន្តិកៈទីក្រុងរ៉ូម ស្ដីពីការបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC កាលពី ឆ្នាំ២០០០ ដែលទទួលបន្ទុកធ្វើការកាត់ទោសលើឧក្រិដ្ឋជន ប្រព្រឹត្តិបទឧក្រិដ្ឋកម្មសង្គ្រាម និងបទឧក្រិដ្ឋ ប្រឆាំងនឹងមនុស្សជាតិ។ ប៉ុន្តែទន្ទឹមគ្នានោះដែរ ទីក្រុងមូស្គូ មិនទាន់បានផ្ដល់សច្ចារប័នលើលក្ខន្តិកៈទីក្រុងរ៉ូម នៅឡើយទេ។
ជុំវិញការប្រកាសចង់ដកខ្លួនពី ICC គឺធ្វើឡើងតែជាងមួយសប្ដាហ៍ប៉ុណ្ណោះ នៅបន្ទាប់ពី ICC បានចេញផ្សាយសេចក្ដីថ្លែងការមួយ ដោយចាត់ទុកថា រុស្ស៊ីនិងអ៊ុយក្រែន បានចូលរួមនៅ ក្នុងជម្លោះប្រដាប់អាវុធនៅឯតំបន់គ្រីមមៀ ហើយជាងនេះទៅទៀត តុលាការអន្តរជាតិមួយនេះ បានប្រកាសកាលពីចុងខែមករា បើកការស៊ើបអង្កេតលើសង្គ្រាមរវាងរុស្ស៊ីនិងហ្ស៊កហ្ស៊ី កាលពីឆ្នាំ២០០៨ ព្រមទាំងជម្លោះ នៅភាគខាងកើតប្រទេសអ៊ុយក្រែន ជាទីដែលរុស្ស៊ីត្រូវបានចោទប្រកាន់ថា បានផ្ដល់ជំនួយយោធាដល់ពួក ឧទ្ទាមទាមទារបំបែករដ្ឋ។
គួរបញ្ជាក់ថា ក្រៅពីរុស្ស៊ី ប្រទេសក្នុងតំបន់អាហ្វ្រិកចំនួន៣ រួមមាន ហ្គាំប៊ី ប៊ូរុនឌី និងអាហ្វ្រិកខាងត្បូង ក៏បានប្រកាសផងដែរពីឆន្ទៈដកខ្លួនចេញតុលាការឧក្រិដ្ឋកម្មអន្តរជាតិ៕