រាជធានីភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះបានប្រកាសសាលក្រមដោយសម្រេចផ្តន្ទាទោសលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដាក់ពន្ធនាគារ១ឆ្នាំ៦ខែ និងពិន័យ៨លានរៀល ព្រមទាំងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន១០០រៀល និងបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនអ្នកស្រី ថាក់ ឡានី ផងដែរ។
អ្នកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៉ី ត្រូវបានតុលាការចោទពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្ត អំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់លោកស្រីនិយាយចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ជាអ្នកបាញ់សម្លាប់ លោក កែម ឡី នៅក្នុងវេទិកាមួយនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦៕