ដោយ៖ប៉ែន សុផល
បាត់ដំបង៖ប្រជាពលរដ្ឋបានចោទទៅលើអាជ្ញាធរស្រុកសង្កែថា បានឃុបឃិតអោយមានការចាក់គ្រឹះសាងសង់លំនៅឋានរំលោភទៅលើចំណីស្ទឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅលើបរិស្ថាននិងបាក់ជ្រាំងស្ទឹង។
តាមការលើកឡើងពីប្រជាពលរដ្ឋបានអះអាងថា អាជ្ញាធរស្រុកសង្កែបាននិងកំពុងឃុបឃិតអោយមានការចាក់គ្រឹះរឹងមាំសាងសង់លំនៅឋានរំលោភទៅលើចំណីស្ទឹងនៅចំណុចក្បែរស្ពានវត្តគរត្រើយខាងកើត ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបង្ករផលប៉ះពាល់យ៉ាងខ្លាំងទៅលើបរិស្ថាននិងបាក់ជ្រាំងស្ទឹង។
ប្រភពបន្តបានលើកឡើងថា ជារៀងរាល់ឆ្នាំគេតែងឃើញជនឈ្លាតឱកាសមួយចំនួនបានឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋានលួចសាងសង់អាហារដ្ឋាននិងលំនៅឋានរំលោភទៅលើចំណីស្ទឹង ហើយទីតាំងទាំងអស់នោះតែងបានចោលកាកសំណល់ និងបង្ហូរទឹកកខ្វក់ផ្សេងៗចូលទៅក្នុងស្ទឹងធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើបរិស្ថាន និងបង្កអោយបាក់ជ្រាំងស្ទឹងថែមទៀតផង។
ចំណែកម្ចាស់ទីតាំងដែលកំពុងចាក់គ្រឹះសាងសង់លំនៅឋានខាងលើ បានអះអាងថា មុនហ្នឹងធ្វើការសាងសង់ខ្លួនបានសុំការអនុញ្ញាតពីអាជ្ញាធរភូមិ ឃុំ និងស្រុករួចហើយទើបអាចធ្វើបាន។
ពាក់ព័ន្ធទៅនិងការលើកឡើងខាងលើលោក គឹម វណ្ណះ អភិបាលស្រុកសង្កែបានប្រាប់សារព័ត៌មានយើងនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា នេះថា លោកមិនទាន់បានដឹងទេរឿងទាំងអស់នោះហើយលោកក៍មិនបានអនុញ្ញាតអោយសាងសង់ដែរ។
ចំណែកលោក អ៊ុត ពឿត មេឃុំអូរដំបង១ពាក់ព័ន្ធទៅនឹងករណីការលើកឡើងខាងលើនេះផងដែរលោកថាបានអញ្ជើញម្ចាស់ទីតាំងមកនែនាំនិងហាមឃាត់ហើយ ម្យ៉ាងវិញទៀតលោកក៏មិនបានអនុញ្ញាតអោយសាងសង់ដែរពី ព្រោះគ្មាននរណាម្នាក់អាចមានសិទ្ធិអនុញ្ញាតអោយសាងសង់រំលោភលើចំណីផ្លូវឬស្ទឹងឡើយ តែបើសិនមានការសាងសង់បន្តមែនលោកនឹងចុះទៅចាត់ការ៕
ពលរដ្ឋចោទអាជ្ញាធរឃុបឃិតអោយមានការសាងសង់លំនៅឋានរំលោភលើចំណីស្ទឹង