រដ្ឋាភិបាល​គ្រោង​ស្ថាបនា​ស្ពាន​ធំៗ​ចំនួន​៦​បន្ថែមទៀត​ចាប់ពី​២០១៥ ដល់ឆ្នាំ២០១៨ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 January, 2015 ក+ ក-

ភ្នំពេញ​៖ រាជរដ្ឋាភិបាល​គ្រោង​នឹង​ស្ថាបនា​ស្ពាន​ថ្មី​ចំនួន​៦ បន្ថែមទៀត ចាប់ពី​ឆ្នាំ​២០១៥ រហូតដល់​ឆ្នាំ ២០១៨ ខាងមុខ​។​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​រដ្ឋលេខាធិការ​ក្រសួង សាធារណការ និង​ដឹកជញ្ជូន លោក លឹម ស៊ី​ដេ​នី​ន កាលពីពេល​ថ្មី​កន្លងមក​។​

ក​ម្រោ​ង​សង់ស្ពាន​ថ្មី​នេះ ត្រូវ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វិ​ត្ថុ បាន​ឯកភាពគ្នា​រួចហើយ​គឺ​គ្រោង​ធ្វើការ​សាងសង់​ស្ពាន​ចំនួន ៦ បន្ថែមទៀត ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៨ រួមមាន ផ្លូវ​លេខ ៦០​បេ ដែល​ត​ភ្ជាប់​ពី​ខេត្តក្រចេះ ទៅកាន់​ទីប្រជុំជន​កំពង់​ថ្មី​ក្នុង​ខេត្តកំពង់ធំ​ដោយ​ឆ្លងកាត់​ទន្លេមេគង្គ លើ​ដែលជា​ស្ពាន​ថ្មី​មួយ មាន​ប្រវែង ១.៦៥០​ម៉ែត្រ​។
​ស្ពាន​មួយទៀត​ត​ភ្ជាប់​ផ្លូវ​ពី​ខេត្ត​ត្បូងឃ្មុំ ទៅ​ក្រូចឆ្មា ឆ្លងកាត់​ទន្លេមេគង្គ ត​ភា្ជ​ប់​ទៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម ដែលមាន​ប្រវែង​ជាង ១.០០០​ម៉ែត្រ​។

ការគ្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​ត្រង់​ស្រុក​ស្អាង ខេត្តកណ្តាល ដោយ​ត​ភ្ជាប់​ត្រើយ​ខាងកើត និង​ខាង​ត្រើយ​ខាងលិច ដើម្បី​បង្កលក្ខណ​ងាយស្រួល​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ទៅមក ដោយ​មិនបាច់​ធ្វើដំណើរ​វាង​មក​តាខ្មៅ​។

ចំណែក​ស្ពាន​មួយទៀត​នោះ ជា​ស្ពាន​មួយ​យ៉ាង​វែង ដែល​ឆ្លងកាត់​ដៃទន្លេ​សាប ភ្ជាប់​ផ្លូវ ៥០​សេ ពី​ខេត្តកំពង់ឆ្នាំង ត្រង់​ស្រុក​កំពង់លែង ទៅកាន់​ខេត្តកំពង់ធំ ស្ពាន​នេះ មាន​ប្រវែង ៣.៨០០​ម៉ែត្រ ដែលជា​ស្ពាន​មួយ​វែង​ជាងគេ​បំផុត នៅក្នុង​ប្រទេស​កម្ពុជា​។

ស្ពាន​ទី ៥​គឺជា​ស្ពាន ដែល​ភ្ជាប់​ពី​តំបន់​ជ្រោយចង្វារ ទៅ​ស្វាយជ្រុំ​ឆ្លងកាត់​ទន្លេសាប​។ ស្ពាន​ទី​៦ គឺ​ស្ពាន​ដែល​ត​ភ្ជាប់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២ ក្នុង​សង្កាត់​ព្រែក​ឯង ទៅកាន់​ស្រុក​ល្វាឯម ក្នុង​ខេត្តកណ្តាល ឆ្លងកាត់​ដៃទន្លេ​មេគង្គ ដែលមាន​ប្រវែង​ជាង ២.០០០​ម្រ៉ែ​ត​។

​លោក លឹម ស៊ី​ដេ​នី​ន បាន​បន្ត​ឪ្យ​ដឹងថា គម្រោង​ផ្លូវ និង​ស្ពាន​ទាំងពីរ​ចុងក្រោយ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានប្រគល់​ឲ្យ​ក្រុមហ៊ុន​ចិន ជួយ​សិក្សា​អំពី​ផលប្រយោជន៍​សេដ្ឋកិច្ច នៃ​ការសាងសង់​ស្ពាន​មួយ​នេះ ប្រសិនជា​វា​មាន​អត្ត​ប្រយោជន៍ ចំពោះ​សេដ្ឋកិច្ច​ក្នុង​ការតភ្ជាប់​នេះ រាជរដ្ឋាភិបាល និង​ធ្វើការ​សាងសង់​។​

​យោងតាម​លិខិតអនុញ្ញាត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៤​និង​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃទី​១១ សីហា ២០១៤ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​សាជីវកម្ម​សំណង់​ស្ពាន​ថ្នល់​ចិន (CRBC) សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ចំនួន ២​កន្លែង​បន្ថែមទៀត ដែល​មួយ​ធ្វើ​នៅក្នុង​តំបន់​ជ្រោយចង្វា (​ទន្លេមេគង្គ​លើ​) ត​ភ្ជាប់​ពី​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារាជធានី​ភ្នំពេញ ទៅ​ខេត្តកណ្ដាល ត្រង់ចំណុច​ភូមិ​ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្ដាល និង​មួយ​ខ្សែ​ទៀត ត​ភ្ជាប់​ពី​ភូមិ​ក្តី​តា​កុយ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​ទៅ​ខេត្តកណ្តាល ត្រង់​ភូមិ​វត្ត​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​៕ ម៉ានូ

---------------