ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ចៃ បានយល់ព្រមនឹងទៅបំភ្លឺនៅរដ្ឋសភាជាតិ ទាក់ទងនឹងអំពើហិង្សាលើកំណាត់ផ្លូវវេងស្រេង ប៉ុន្តែសូមឲ្យកោះហៅលោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និង អនុប្រធានគណបក្សសង្គ្រោះជាតិទៅបំភ្លឺជាមួយដែរ ពីព្រោះលោកទាំងពីរក៏ជាប់ពាក់ព័ន្ធក្នុងករណីនេះដែរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានថ្លែងឲ្យដឹងកាលពីថ្ងៃទិ០៨មករា ថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង រីករាយស្វាគមន៍ក្នុងការទៅបំភ្លឺនៅរដ្ឋសភាជាតិទាក់ទងអំពើហិង្សាលើកំណាត់ផ្លូវវេងស្រេង ប៉ុន្តែសូមឲ្យកោះហៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានទៅបំភ្លឺជាមួយគ្នាដែរ។
លោកបន្តថា «ឯកឧត្តមនឹងទៅតែសូមឲ្យសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកោះ ហៅថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំង២នាក់ ទៅបំភ្លឺផងដែរ។ មានរឿងហើយ ទើបមានហេតុ។ ការធ្វើបាតុកម្មចុះ ឡើងបង្កឲ្យមានការញុះញុងកើតឡើងតែម្តងទៅ ហើយសមត្ថកិច្ចមានភារកិច្ចការពារសុវត្ថិភាព មិនឲ្យមានបញ្ហាកើតឡើង»។
លោកអ្នកនាំពាក្យ បន្ថែមទៀតថា រហូតមកដល់ថ្ងៃនេះ ខាងក្រសួងមិនទាន់ទទួលបានលិខិតអញ្ជើញពី ខាងរដ្ឋសភានៅឡើយទេ។ កាលពីពេលថ្មីនេះ ក្រុមគ្រួសារជន រងគ្រោះដែលបានស្លាប់នៅលើផ្លូវវេងស្រេង កាលពីថ្ងៃទី៣-៤ខែមករា ឆ្នាំ២០១៤បានស្នើឲ្យប្រធានរដ្ឋសភាកោះហៅលោកឧបនាយក រដ្ឋមន្ត្រី ស ខេង និងលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ទៅឆ្លើយបំភ្លឺនៅរដ្ឋសភា ។
គួររម្លឹកថា កាលពីចុង ឆ្នាំ២០១៣ និងដើម ឆ្នាំ២០១៤ នៅរាជធានីភ្នំពេញមាន បាតុកម្មយ៉ាងធំមួយ កើតឡើងនៅចំណុចផ្លូវវេងស្រេង ដោយសារក្រុមកម្មករទាមទារតម្លើងប្រាក់ខែក្នុងនោះបានបណ្តាល ឲ្យមនុស្ស៤នាក់ស្លាប់ និងរងរបួសជាច្រើននាក់៕
លោកឧបនាយក រដ្ឋមន្ត្រី ស ខេង