រាជធានីភ្នំពេញ៖នគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅធ្វើការបង្ក្រាប និងចាប់ខ្លួនឧក្រិដ្ឋជនជនជាតិចិន ចាប់ជំរិតបានជាបន្តបន្ទាប់ព្រមទាំងបានរំដោះស្ត្រីរងគ្រោះពីកណ្ដាប់ដៃជនទាំងនោះទៀតផង។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ន ក្នុងទីតាំងដែលពួកគេលាក់ខ្លួននិងបង្ខាំងស្ត្រីរងគ្រោះនៅផ្ទះសំណាក់យីហោ ដាល្លាវ៉ាន់ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
ឧក្រិដ្ឋជនដែលជាក្រុមចាប់ជំរិត ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបគឺម្នាក់ឈ្មោះ ទី យ៉ាក់ពីង ភេទប្រុស អាយុ៣៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ អ៊ឺ ឈឺសៀន ភេទប្រុស អាយុ៤២ឆ្នាំ ពួកនេះគឺជាអន្តោប្រវេសន៍ជនជាតិចិនឆ្លងដែនដោយខុសច្បាប់ ស្នាក់នៅក្នុងផ្ទះសំណាក់ខាងលើ ។ ចំណែកនារីរងគ្រោះឈ្មោះ ឈីង ពីងយ៊ី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរម៉ាស្សា ស្នាក់នៅម្តុំបុរីញ៉ូថោន ជាជនជាតិចិនដូចគ្នា ហើយរវាងក្រុមឧក្រិដ្ឋជនចាប់ជំរិត និងនារីរងគ្រោះ គឺជាមនុស្សស្គាល់គ្នា ដោយសារតែជនសង្ស័យគឺជាម៉ូយដែលឧស្សាហ៍ទៅម៉ាស្សា ធ្វើក្រចក និងកាត់សក់នៅក្នុងហាងដែលនារីរងគ្រោះធ្វើការ ហើយដោយសារតែនារីរងគ្រោះមានរូបសម្រស់ស្រស់ស្អាតផងនោះ ក្រុមជនសង្ស័យតែងតែលេងឆាតហៅនារីរងគ្រោះទៅហូបបាយ និងដើរលេងជាមួយគ្នាញឹកញាប់ថែមទៀតផង។
លោក យឹម សារ៉ាន់ អធិការខ័ណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនសង្ស័យបានហៅនារីរងគ្រោះពីបូរីញូថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទៅដើរលេង និងហូបបាយជាមួយគ្នា បន្ទាប់មកបាននាំទៅកាន់ផ្ទះសំណាក់យីហោ ដាល្លាវ៉ាន់ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលជាកន្លែងបង្ខាំងនាងទុក ។ លុះរហូតដល់វេលាព្រឹកថ្ងៃដដែលនោះពួកឧក្រិដ្ឋជនបានទូរស័ព្ទទៅគំរាមថៅកែហាងឲ្យផ្ញើរលុយឲ្យពួកគេ១ម៉ឺនដុល្លារជាថ្នូរនឹងការដោះលែងនារីរងគ្រោះ ព្រោះពួកគេគឺជាក្រុមចាប់ជំរិត បើគ្មានលុយឲ្យទេនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែវិច្ឆិកា ពួកគេនឹងសម្លាប់នារីរងគ្រោះចោលភ្លាម។
លោក យឹម សារ៉ាន់ បញ្ជាក់ថា ពេលទទួលបានដំណឹងភ្លាម ថៅកែហាងម៉ាស្សាបានទៅប្ដឹងនគរបាលខណ្ឌពោធិ៍សែនជ័យឲ្យជួយ ទើបខាងកម្លាំងជំនាញធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា ព្រមទាំងទីកន្លែងដែលពួកនោះលាក់ខ្លួននិងលាក់នារីរងគ្រោះ ។ បន្ទាប់ពីកំណត់បានមុខសញ្ញាហើយ កម្លាំងជំនាញបានធ្វើការចរចាពន្យារពេលជាមួយជនសង្ស័យរហូតធ្វើឲ្យជនសង្ស័យផ្លាស់ប្ដូរពេលវេលាប្រគល់លុយពីថ្ងៃត្រង់ទៅម៉ោង៣រសៀលថ្ងៃដដែលវិញ ហើយជនសង្ស័យតម្រូវឲ្យផ្ញើរលុយតាមវីង ។ ក្រោយពីចរចាត្រូវរ៉ូវគ្នាហើយ សមត្ថកិច្ចបានប្រកាសប្រាប់គ្រប់កន្លែងវីងវេតលុយទូទាំងក្រុងតាខ្មៅថា បើមានជនណាមកដកលុយតាមលេខកូដដែលសមត្ថកិច្ចបានប្រាប់នេះគឺត្រូវរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាម ព្រោះជនដែលមកដកលុយនោះជាជនចាប់ជំរិត។
ក្រោយពេលបង្ក្រាបបានហើយជនសង្ស័យទាំង២ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យធ្វើការឃុំខ្លួន និងកសាងសុំណុំរឿងដើម្បីបញ្ចូនទៅតុលាការចាត់ការតាមច្បាប់៕