ដោយ៖ប៉ែន សុផល
បាត់ដំបង៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញអោយអភិបាលខេត្តចាត់ការរឿងបទល្មើសនេសាទនិងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទកើតមានក្នុងខេត្តបាត់ដំបង។ សម្តេចក្រឡាហោមថ្លែងបែបនេះនៅក្នុងពិធីផ្ទេរប្រគល់សមិទ្ធផលបោសសម្អាតមីនរួចនិងបើកគម្រោងថ្មីដំណាក់កាលទី៣សមាហរណកម្មការបោសសំអាតមីននិងជួយជនរងគ្រោះដោយសារមីន គាំទ្រថវិការដោយរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងភូមិឬស្សីរោទិ៍ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង និងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហូរិនូឈិ ហិដេហិសា ឯកអគ្គរដ្ឋទូតប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ជំនួយមកកម្ពុជាក្នុងការអភិវឌ្ឍន៍គ្រប់វិស័យ ពិសេសវិស័យកំចាត់ម៉ីន។
និងបានលើកសម្រាប់គម្រោងថ្មីដែលតាមផែនការប្រតិបត្តិការមានរយៈពេល៣ឆ្នាំចាប់ពីខែវិច្ឆិកា ២០១៦ដល់ខែតុលា២០១៩ដែលត្រូវធ្វើការបោសសម្អាតផ្ទៃដីមីនចំនួន៧,០៣៨ហិកតាស្មើរនិងផ្ទៃដី៤០%នៃផ្ទៃដីចំការមីន នៅក្នុងស្រុកគោលដៅចំនួន៤ដែលជាស្រុកដែលមានគ្រាប់មីនច្រើនជាងគេគឺសំឡូត បាណន់ រតនះមណ្ឌល និងបវេល ព្រោះបាត់ដំបងជាសមរភូមិជួរមុខដែលជួបប្រទះសង្គ្រាមស៊ីវិលដ៍ជូចត់ជិត៣ទសវត្ស។
ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោមស ខេង បានថ្លែងថា ករណីស្លាប់ដោយសាធ្វើសង្គ្រាមនិងគ្រាប់មីន មិនស្មើរនិងករណីស្លាប់ដោយសាគ្រោះថ្នាក់ចរាចរណ៍នោះទេ ពីព្រោះសម័យសង្គ្រាមគេធ្វើក្នុង១ខែ ២ខែ ឬ៣ខែម្តង ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍វិញគឺកើតមានជារៀងរាល់ថ្ងៃ ហើយស្លាប់គិតជាមធ្យមភាគក្នុង១ថ្ងៃស្លាប់៦នាក់។ ហើយសម្តេចជម្រុញអោយអភិបាលខេត្តបាត់ដំបងចាត់ការរឿងបទល្មើសនេសាទនិងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមានក្នុងទឹកដីខេត្តបាត់ដំបងដើម្បីធានាអោយបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕