លោក សម រង្ស៊ី មាន​ច្រកចូល​ស្រុក​ដើម្បី​គោរព​សព​ម្តាយក្មេក​ដែរឬទេ ?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក សម រង្ស៊ី បានបង្ហាញ​បំណង​ចង់​វិល​ចូល​ស្រុក​វិញ ដើម្បី​គោរព​សព​ម្តាយក្មេក​ជា​លើកចុងក្រោយ ក្នុងពេលដែល​លោក​ជាប់​បណ្តឹង​ជាច្រើន​រួមទាំង​សាលក្រម​ផ្តន្ទាទោស​ផងដែរ ។​
​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង ថ្លែងថា បន្ទាប់ពី​ម្តាយក្មេក​ទទួលមរណភាព លោក សម រង្ស៊ី មានបំណង​មកកាន់​ប្រទេស​កម្ពុជា​វិញ ដើម្បី​គោរព​សព​ម្តាយក្មេក​ជា​លើកចុងក្រោយ ។ ប៉ុន្តែ​មិនដឹងថា តើ​រដ្ឋអំណាច​កម្ពុជា អាច​នឹង​បើក​ច្រក​ឲ្យ​លោក​ចូល​ស្រុក ដើម្បី​គោរព​សព​ម្តាយក្មេក​របស់លោក ឬ​យ៉ាងណា​នោះទេ​។​
​សូមជម្រាបថា ឧបាសិកា ញឹក ជូ​ឡុង -​មាស​កេ​ត សម​ភ័​ក្រ ជា​ម្តាយក្មេក​ឯកឧត្តម សម រង្ស៊ី បានទទួលរ​មណ​ភាព កាលពី​ថ្ងៃទី ២៤ វិច្ឆិកា ម្សិលមិញ ។ សម្តេច ហ៊ុន សែន ភ្លាមៗ បាន​ផ្ញើ​សារ​រំលែក​ទុក្ខ លោកជំទាវ ជូ​ឡុង សូ​មូរ៉ា ប្រពន្ធ​របស់លោក សម រង្ស៊ី ។ ក្នុង​លិខិត​នោះ សម្តេច​បញ្ជាក់ថា ការផ្ញើ​សារ​រំលែក​ទុក្ខ​នេះ ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា​។ ប៉ុន្តែ​ក្នុង​លិខិត​មិនបាន​រំលេច​ឈ្មោះ​លោក សម រង្ស៊ី ទេ​។​
​យ៉ាងណាក៏ដោយ នៅ​ព្រឹក​ថ្ងៃ ទី ២៥ វិច្ឆិកា នេះ លោក ហ៊ុន ម៉ា​នី កូនប្រុស​ទី​២​របស់​សម្តេច​ក៏បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណ​ក្ខ​ន្ធ័​សព​ម្តាយក្មេក​លោក សម រង្ស៊ី ផងដែរ ។ ក្នុងឱកាស​នោះ លោក កឹម សុខា ប្រធានស្តីទី​បក្សប្រឆាំង និង​មន្ត្រីជាន់ខ្ពស់​បក្ស​នេះ ក៏បាន​ចេញមក​ស្វាគមន៍​លោក ហ៊ុន ម៉ា​នី យ៉ាង​កក់ក្តៅ​ផងដែរ​។​
​ទាក់ទិន​លោក សម រង្ស៊ី នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាពលរដ្ឋ​កម្ពុជា សុខ ឥ​សាន្ត បាន​អះអាងថា តាមផ្លូវ​ច្បាប់​បើ​លោក សម រង្ស៊ី មក​មានតែ​មក​ដើរចូល​គុក​តែម្តង​បាន​ត្រូវ ព្រោះ​អ្នកទោស​គ្មាន​សិទ្ធិ​ធ្វើ​អ្វី​លើសពីនេះ​ទេ​៕

87f6e960559d27eddbf36b3732e0398d_l