សំណុំរឿង​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កំពុងស្ថិត​ក្នុងការ​ស៊ើបសួរ​នៅឡើយ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 January, 2015 ក+ ក-

ភ្នំពេញ​៖ករណី​ឃាតកម្ម​បាញ់សម្លាប់​ ឧកញ៉ា អ៊ឹង ម៉េង​ជឺ ដែល​ឈានដល់​ការឃុំ ខ្លួន​ឪពុកម្តាយ និង អង្គរក្ស​៤​នាក់ របស់​ឧកញ៉ា ថោង សារ៉ាត់ រហូតមកទល់​បច្ចុប្បន្ន​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំទាន់​បិទ​ការ​ស៊ើបសួរ​នៅឡើយ​ទេ ដោយ សារ​តែ​សមត្ថកិច្ច នៅ​មិនទាន់ ចាប់ខ្លួន​ឧកញ៉ា ថោង សារ៉ាត់ ដែលជា មេខ្លោង​ក្នុង សំណុំ រឿងនេះ បាន​នៅឡើយ​។ ប៉ុន្តែ នៅ​ដំណាក់កាល​នេះ បាន​លេចចេញ​នូវ បញ្ហា​មួយចំនួន នៃ​នីតិវិធី​របស់​តុលាការ​គួរ​ឲ្យ​កត់សម្គាល់​។​

លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​វេលា​ម៉ោង ៧ និង ១៨​នាទី យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ខណៈពេល​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ចុះ​ពី​រថយន្ត​ឡិច​ស៊ី​ស ៥៧០ ដើម្បី​ទៅ​ទិញ​ផ្លែឈើ នៅមុខ​ហាង លក់​ផ្លែឈើ ឡោ តិច​សេង ស្ថិតនៅ​ផ្លូវ​លេខ ២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ។​

រយៈពេល​១១​ថ្ងៃ​ក្រោយមក ពោលគឺ នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៤ សមត្ថកិច្ច​បាន​ឃាត់ ឈ្មោះ សៀង វាសនា ឈ្មោះ មាស សម្បត្តិ និង ឈ្មោះ កូយ ចាន់ថុល នៅ​ចំណុច​ក្បែរ ស្ពាន​ទី​២ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ខណៈ​ធ្វើ ដំណើរ​តាម​រថយន្ត​ទំនើប មួយគ្រឿង​រួមមាន​ឧកញ៉ា ថោង សារ៉ាត់ រួច​បញ្ជូន ទៅ​ស្នងការ ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ ។​

ក្រោយមក សមត្ថកិច្ច​បាន​ដោះលែង​ឧកញ៉ា ថោង សារ៉ាត់ ឲ្យ​មាន​សេរីភាព​ឡើងវិញ ។ ដោយឡែក ឈ្មោះ លី សៅ ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៤​។ ក្នុងនោះ សមត្ថកិច្ច​បានបញ្ជាក់​ថា ឈ្មោះ សៀង វាសនា ជា​ជនដៃដល់ ឈ្មោះ មាស សម្បត្តិ និង ឈ្មោះ កូយ ចាន់ថុល ជា​អ្នកជិះ​ម៉ូតូ​បិទគូទ និង ឈ្មោះ លី សៅ ជា​អ្នក ឌុប​ជិះ​ដៃដល់ ។​

បន្ទាប់ពី​ឃាត់ខ្លួន​អង្គរក្ស​៤​នាក់​របស់​ឧកញ៉ា ថោង សារ៉ាត់ សមត្ថកិច្ច​បាន​បន្ត​ការ ឆែរ​ឆេរ​ភូមិគ្រឹះ របស់​ឧកញ៉ា ថោង សារ៉ាត់ ស្ថិតក្នុង​សង្កាត់ ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ រហូត​ឈានដល់​ការឃាត់ខ្លួន​មនុស្ស​៤​នាក់​បន្ថែមទៀត គឺ ឪពុក ម្តាយ ប្រព​ន្ឋ និង ប្អូនប្រុស របស់​ឧកញ៉ា ថោង សារ៉ាត់ រួច​បញ្ជូន ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​។ ប៉ុន្តែ​ក្រោយមក ប្រព​ន្ឋ​និង​ប្អូនប្រុស​ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាន​តុលាការ​ដោះលែង​វិញ ។ ដោយឡែក អង្គរក្ស របស់​ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាន​ឃុំខ្លួន​ពីបទ ឃាតកម្ម​គិតទុក​ជាមុន និង បទ​សម គំនិត ក្នុង​ការបាញ់​សម្លាញ់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ និង ម្តាយ ឪពុក របស់​ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាន​ឃុំខ្លួន ពីបទ​កាន់កាប់​អាវុធ​ខុសច្បាប់ ។​
​បន្ទាប់ពី​ជាប់គុក​អស់​មួយរយៈ មេធាវី​បានដាក់​ពាក្យសុំ​ឲ្យ​ឪពុកម្តាយ​របស់​ឧកញ៉ា ថោង សារ៉ាត់ បាន​នៅក្រៅ​ឃុំ បណ្តោះ អាសន្ន តែ​ត្រូវ​តុលាការ បដិសេធ ។ ដោយឡែក ប្រព​ន្ឋ​របស់​អង្គរក្ស​៤​នាក់ រហូតមកទល់​ពេលនេះ មិនទាន់បាន​ជួប​ប្តី​ក្នុង​ព​ន្ឋ​នាគារ នៅឡើយ ទេ តែ​មេធាវី បាន​ចូលជួប រួចហើយ ។​

ពាក់​ព័​ន្ឋ​បញ្ហា​នេះ លោក​មេធាវី ស៊ី សត្យា បាន​ឲ្យ​ដឹងថា លោក​បានដាក់​ពាក្យសុំ ថតចម្លង​សំណុំរឿង តែ​ចៅក្រម ស៊ើបសួរ​មិនទាន់​អនុញ្ញាត​នោះទេ ។ ប្រធាន​គណៈមេធាវី លោក ប៊ុន ហុន បាន​ថ្លែងថា ប្រសិនបើ​ករណី​ដូចនេះ​មែន ពោលគឺ​ចៅក្រម​មិន​អនុញ្ញាត​ឲ្យ ថតចម្លង​សំណុំរឿង នោះ គឺ​តុលាការ ធ្វើ​ខុសច្បាប់ ដោយ​យោងតាម​មាត្រា​១២៩ នៃ​ក្រម នីតិវិធី​ព្រហ្មទណ្ឌ ។ មាត្រា​១២៩ ត្រង់​កថាខណ្ឌ​ទី​៥ បាន​ចែងថា “ មេធាវី ឬ លេខាធិការ របស់​មេធាវី ត្រូវបាន​អនុញ្ញាត​ដោយ​ចៅក្រម​ស៊ើបសួរ ឲ្យ​ធ្វើការ​ថតចម្លង ដោយ​ខ្លួន​ជា​អ្នក ចេញ​សោហ៊ុយ និង ក្រោម​ការត្រួតពិនិត្យរ​បស់​ក្រឡាបញ្ជី ” ។​

​ជុំវិញ​ការចោទប្រកាន់​នេះ លោក​ចៅក្រម​លី សុខ​លេង បាន​បដិសេធថា លោក មិនមែន​មិន​ឲ្យ​មេធាវី ថតចម្លង សំណុំរឿង​នោះទេ តែ​មិនទាន់​ឲ្យ ដោយសារតែ​ឯកសារ មិនទាន់ គ្រប់​ជ្រុងជ្រោយ ៕  // fpm

-----------------

​ឱពុក​​ម្តាយ​របស់​ថោង សារ៉ាត់​

 

-----------