រាជធានីភ្នំពេញ៖សង្វៀនបញ្ជល់មាន់២កន្លែងដែលមានទីតាំងនៅក្រោយរោងចក្រSL ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌមានជ័យចុះបង្ក្រាបដោយបានឃាត់ខ្លួនមនុស្ស៥នាក់ និងម៉ូតូគ្រឿង ព្រមទាំងសម្ភារៈមួយចំនួនទៀតនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
អភិបាលរងខណ្ឌមានជ័យលោក ឌី រ័ត្នខេមរុណ បានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងរួមមានកម្លាំងនគរបាលមូលដ្ឋាន អាវុធហត្ថ លោកអធិការង ហួរ ម៉េងវ៉ា លោក ម៉េង វិមានតារា និងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង សេង ហៀង។ លោកអភិបាលបញ្ជក់ថា ក្រោយឃាត់ខ្លួនក្រុមជនលេងល្បែងទាំងនោះ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅសួរនាំនៅ ប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ។
លោក ឌី រ័ត្នខេមរុណ សន្យាថា តទៅនេះលោក នឹងដឹកនាំកម្លាំងជំនាញទាំងអស់ បើកប្រតិបតិ្តការបង្ក្រាបល្បែងស៊ីសងទាំងអស់នៅក្នុងមូលដ្ឋាន ឲ្យដូចភ្លៀងរលឹម ដោយមិនឲ្យកើតមានទៀតឡើយ៕