រាជធានីភ្នំពេញ៖គ្រូទាយល្មោភកាមម្នាក់ត្រូវបានក្រុមគ្រួសារនារីរងគ្រោះចាប់ឃាត់ខ្លួនប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ចោមចៅ កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចវង្វងមូលចោមចៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយចោទពីបទល្បួងក្មេងស្រីចាប់រំលោភសេពសន្ថវៈបានសម្រេច៥ដង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះ និងគ្រូទាយបោកប្រាសរូបនោះបានស្គាល់គ្នាតាមរយៈឆាតតាម Facebook និងប្រើល្បិចទាយថា នាងត្រូវកាត់ប្រជ្រុយចង្រៃនៅកន្លែងពិសេសចេញបើមិនដូច្នោះទេ នាងអាចនឹងមានគ្រោះដល់អាយុជីវិតដោយសារតែនាងឆោតទើបចាញ់បោកបែបនេះ។ ប៉ុន្តែក្រោយពីបែកធ្លាយរឿងដឹងដល់ឪពុកម្តាយ និងក្រុមគ្រួសាររួចមកនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៦ក្រុមគ្រួសារបានរកគ្រូទាយឆបោកនៅត្រង់ចំណុចខាងលើហើយក៍ធ្វើការឃាត់ខ្លួនប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ចោមចៅសង្កាត់ចោមចៅតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភុន សុខអេង អាយុ៣៤ឆ្នាំ មានមុខរបរជាគ្រូទាយតាមហ្វេសប៊ុក មានទីលំនៅភូមិត្រពាំងអត់ទឹក ឃុំគីរីវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ចំណែកនារីរងគ្រោះមានអាយុ២៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ។
ប្រភពដដែលបន្ត ក្រោយស្គាល់តាម Facebook គ្រូទាយកំហូចរូបនេះបានណាត់នាងរយៈពេលប្រមាណជាកន្លះខែ នាងមកជួបគ្នាដូចការណាត់ ហើយក៏ឲ្យគ្រូនោះទោសទាយ និងមើលពីប្រជ្រុយនៅលើដើមទ្រូងរបស់នាងរួចគ្រូទាយបានប្រាប់នារីរងគ្រោះថា ប្រជ្រុយនៅលើដើមទ្រូងជាប្រជ្រុយនាំគ្រោះថ្នាក់ដល់សាច់ញាតិ ហើយគ្រូទាយរូបនោះក៏លួងលោមនាងថា ទាល់តែរួមរ័កជាមួយគ្រូទាយទើបអាចកាត់គ្រោះចង្រៃបាន។ ដោយសារតែគ្នានៅក្មេងល្ងង់ឆោតក៏បានចាញ់ល្បិចគ្រូបោកនោះ ព្រោះខ្លួនគេខ្លាចមានគ្រោះថ្នាក់ដល់សាច់ញាតិ និងខ្លួនផងនោះ។
ប្រភពបញ្ជាក់ថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នារីរងគ្រោះបានមកផ្ទះគ្រូទាយនោះដើម្បីឲ្យគ្រូទាយកាត់គ្រោះ គ្រាន់តែនៅក្នុងរយៈពេលតែ២ម៉ោងសោះ គ្រូទាយរូបនោះបានរួមរ័កជាមួយនាងបានសម្រេចរហូតដល់៥ដងឯណោះ។ ក្រោយពីនារីរងគ្រោះបាត់ខ្លួនអស់មួយយប់ រួចឃើញត្រឡប់មកវិញក្រុមគ្រួសារបានសួរដេញដោលទើបនាងនិយាយការពិតប្រាប់ឪពុកម្តាយ ហើយនាំគ្នាមកដល់ចំណុចកើតហេតុខាងលើក៏ធ្វើការចាប់ឃាត់ខ្លួនគ្រូទាយបោកប្រាសនោះប្រគល់ឲ្យសមត្ថកិច្ចតែម្តង៕