ភ្នំពេញ៖លោក ប៉ែន សុវណ្ណ នឹងចូល ទៅបំភ្លឺនៅស្ថានទូតអាមេរិកនៅរសៀលថ្ងៃទី១២ខែមករានេះ ព្រោះជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស។ លោក ប៉ែន សុវណ្ណ ត្រូវបានសហរដ្ឋអាមេរិកដាក់បញ្ចូលក្នុងបញ្ជីខ្មៅ ហាមមិនឲ្យធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិកនោះទេ។
គួររំលឹកថា កាលពី៥ឆ្នាំមុនពេលដែលលោកប៉ែន សុវណ្ណ នៅជាមន្ត្រីរបស់គណបក្សសិទ្ធិមនុស្សដែល ក្នុងអំឡុងពេលនោះ គឺនៅឆ្នាំ២០១១ លោក ប៉ែន សុវណ្ណ បានធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិកក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សសិទ្ធិមនុស្ស រួមជាមួយនិងជំនួយការរបស់លោកម្នាក់ឈ្មោះ សេង វណ្ណា។ ប៉ុន្តែនៅពេលវិលត្រលប់មកវិញ បុរសជាជំនួយការរបស់លោកប៉ែន សុវណ្ណនោះ មិនបានវិលត្រលប់មកជាមួយលោកវិញនោះទេ ដោយលើកមូលហេតុមានជំងឺធ្ងន់ធ្ងរត្រូវសម្រាកព្យាបាល។
នៅទីនោះ លោក សេង វណ្ណា បានធ្វើការរកលុយអស់រយៈពេលជាច្រើនឆ្នាំ ទើបតែពីរសប្តាហ៍មុននេះទេដែលលោក សេង វណ្ណា បានធ្វើដំណើរវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ ក្រោយពេលដែលរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកបានដាក់ឈ្មោះរបស់លោក ប៉ែន សុវណ្ណ ទៅក្នុងបញ្ជីខ្មៅរបស់អាមេរិក ដោយហាមមិនឲ្យចូលទឹកដីអាមេរិកតទៅទៀតឡើយ ដោយត្រូវបានចោទប្រកាន់ថា លោក ប៉ែន សុវណ្ណ ពាក់ព័ន្ធការជួញដូរមនុស្ស។
នៅរសៀលថ្ងៃចន្ទទី១២មករានេះ ទាំងលោក ប៉ែន សុវណ្ណ និងទាំងលោក សេង វណ្ណា ដែលជាអតីតជំនួយការរបស់លោក នឹងចូលខ្លួនទៅបំភ្លឺនៅស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ ដើម្បីសុំឲ្យអាមេរិកដកឈ្មោះរបស់លោកចេញពីបញ្ជីខ្មៅនេះ។
យោងតាមរបាយការណ៍ ស្តីពីការជួញដូរមនុស្ស របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីខែមិថុនាឆ្នាំ២០១៤ កម្ពុជាស្ថិតនៅលេខរៀងទី២ ជាកន្លែងឆ្លងកាត់ និងជាគោលដៅនៃការជួញដូរមនុស្ស។ កាលពីឆ្នាំ២០១៣ ក្រសួងការបរទេសអាមេរិក ក៏បានចាត់ទុកប្រទេសកម្ពុជានៅលំដាប់លេខរៀងទី២ ក្នុងការឃ្លាំមើលដូចគ្នានេះផងដែរ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានចែកផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកស្តីពី
ដំណឹងនៃការដាក់ឈ្មោះរបស់លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុង ទស្សវត្សន៍ឆ្នាំ១៩៨១ ដែលបច្ចុប្បន្នគឺជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌល កំពង់ស្ពឺ ទៅក្នុងបញ្ជីខ្មៅរបស់អាមេរិក នៅព្រឹកថ្ងៃចន្ទទី១២ ខែមករា នេះ។
ក្នុងនោះ ក៏មានភ្ជាប់ឈ្មោះរបស់លោក ថាច់ សេដ្ឋា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាប្រធានសមាគមខ្មែរកម្ពុជាក្រោមម្នាក់ទៀតដែរ ប៉ុន្តែលោកថាច់ សេដ្ឋា បានបដិសេធថា មិនបានដឹងពីព័ត៌មាននេះទេ៕
លោក ប៉ែនសុវណ្ណ លោកកុល បញ្ញា និងលោក សុខ សំអឿន ក្នុងពេលដែលនិយាយពីការកំណត់អាណត្តិនាយករដ្ឋមន្ត្រីកម្ពុជា។RFI