សំណុំរឿង​មន្ត្រី​អាដហុក​ និង​មន្ត្រី​គ​.​ជ​.​ប​ ឧទ្ធរណ៍​​តម្កល់​សេចក្តីសម្រេច​របស់​សាលាដំបូង​ដដែល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​កាលពី​ល្ងាចម្សិលមិញ​សាលាឧទ្ធរណ៍​បានសម្រេច​តម្កល់​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ទុកជាបានការ​ដដែល ក្រោយ​ការសួរដេញដោល​ជា​អសាធារណៈ របស់​សាលាឧទ្ធរណ៍ លើ​បណ្តឹង​ជំទាស់​ពន្យារពេល​ឃុំខ្លួន​បណ្តោះអាសន្ន មន្ត្រី​អាដហុក​៤​រូប និង​មន្ត្រី​គ​.​ជ​.​ប​មួយរូប រួចមក​។​
​ការប្រកាស​បែបនេះ​បានធ្វើ​ឡើង​ក្រោយពី​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ នៅ​រសៀល​ថ្ងៃទី​២៨ ខែវិច្ឆិកា​នេះ បន្ទាប់ពី​បាន​បើកសវនាការ​សំណុំរឿង មន្ត្រី​អាដហុក​៤​រូប និង​អគ្គលេខាធិការរង គ​.​ជ​.​ប មួយរូប ជុំវិញ​ក្រុម​ជន​ត្រូវ​ចោទ​ប្តឹង​ជំទាស់ នឹង​ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ពន្យារពេល​នៃ​ការឃុំខ្លួន​បណ្ដោះអាសន្ន ។​
​មន្ត្រី​អាដហុក​៤​រូប​និង​មន្ត្រី គ​.​ជ​.​ប ជាប់ចោទ​ពីបទ​សូកប៉ាន់​សាក្សី និង​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី ដល់​អ្នកនាង ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដើម្បី​កុំ​ឲ្យ​អ្នកនាង​និយាយ​ការពិត​ប្រាប់​សមត្ថកិច្ច​ចំពោះ​រឿងអាស្រូវ​ផ្លូវភេទ​របស់លោក កឹម សុខា ។​
​លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អាដហុក លោក យី សុខសាន្ត អនុប្រធាន​សមាគម​អាដហុក លោក ណៃ រ៉ង់​ដា អនុប្រធាន​សមាគម​អាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់​សមាគម​អាដហុក ត្រូវបាន​លោក​ព្រះរាជអាជ្ញារង គុជ គឹម​ឡុង ចោទ​ពីបទ សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨​នៃ​ក្រមព្រហ្មទណ្ឌ ។ ដោយឡែក លោក នី ចរិយា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី តាម​មាត្រា​២៩ និង មាត្រា ៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​។​
​ចំណែក​ជាម​ន្ត្រី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សឺ​ន សាលី ក៏ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី ផង ដែរ ។​បទល្មើស​សូកប៉ាន់​សាក្សី កំណត់​ការផ្តន្ទាទោស​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​៕

fn-2016-11-28-18-36-34-0fn-2016-11-28-18-36-32-0