ដោយ៖ប៉ែន សុផល
បាត់ដំបង៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្តិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦បានថ្លែងថា មនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងច្រើនជាង អ្នកស្លាប់ដោយសង្គ្រាម និងដោយជម្ងឺអេដស៍ នៅកម្ពុជាបច្ចុប្បន្ន។
ការលើកឡើងយ៉ាងដូច្នេះ របស់សម្តេចក្រឡាហោម ក្នុងពិធីប្រារព្វទិវាអន្តរជាតិរំលឹក ដល់ជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១១ និងដោយមានការចូលរួម ពីលោក ច័ន្ទ សុផល អភិបាលខេត្ត លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ប្រតិភូអមដំណើរ អគ្គលេខាធិការដ្ឋានសុវត្តិភាពចរាចរណ៍ផ្លូវគោក ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រជាពលរដ្ឋ និងសិស្សប្រមាណ ១,២០០នាក់ នៅក្នងបរិវេណអ នុវិទ្យាល័យមោងឬស្សី។
សម្តេចក្រឡាហោម ស ខេង ថ្លែងថា មនុស្សស្លាប់រាល់ថ្ងៃ បើគិតជាមធ្យម១ថ្ងៃ៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង ហើយមានចំនួនច្រើនជាង អ្នកស្លាប់ដោយសង្គ្រាម និងដោយជម្ងឺអេដស៍ ទៅទៀត ពីព្រោះការស្លាប់មនុស្សដោយសារសង្គ្រាម និងស្លាប់ដោយជម្ងឺអេដស៍ គឺមិនមែនស្លាប់រាល់ថ្ងៃនោះទេ។ ម្យ៉ាងវិញទៀត អ្នកផ្ទុកមេរោគ និងកើតជំងឺអេដស៍ គឺមានថ្នាំពន្យារបាន ឯការធ្វើសង្គ្រាមវិញនោះក៏មានថ្ងៃសម្រាក ផ្អាកការបាញ់គ្នា និងមិនបានស្លាប់រាល់ថ្ងៃនោះទេ ដោយឡែកការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ គឺមានរាល់ថ្ងៃ និងមានការកើនឡើងរហូត។
សម្តេចក្រឡាហោម បានលើកឡើងថា កត្តាដែលធ្វើឲ្យមានមនុស្សស្លាប់រាល់ថ្ងៃ គឺទី១- កត្តាមនុស្សបើកបររថយន្តមិនពាក់ខ្សែក្រវាត់ បើកជែងគ្នាក្នុងល្បឿនលឿន និងអ្នកបើកបរម៉ូតូមិនព្រមពាក់មួកសុវត្តិភាពជាប្រចាំ មិនគោរពច្បាប់ចរាចរណ៍, ទី២-កត្តាផ្លូវត្រង់បើកស្រួលល្បឿនហួសកំណត់ ផ្លូវបត់កែងក៏បើកលឿន ខ្វះការប្រុងប្រយ័ត្ន មិនមានការអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកទេ, ទី៣-កត្តាយានយន្ត រថយន្តខ្លះចាស់ កែឆ្នៃខុសបច្ចេកទេស ដឹកលើសចំណុះ ហើកបើកលឿនជែងគ្នា គ្មានការប្រុងប្រយ័ត្ន និងឋិតក្រោមជាតិស្រវឹងថែមទៀតផង។
សម្តេច ស ខេង បានបន្តថា ចាប់ពីពេលនេះ ទៅមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវរឹតបន្តឹងច្បាប់ចរាចរណ៍ឲ្យខាងតែបាន ដើម្បីកាត់បន្ថយអាត្រា មនុស្សស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតទាបបំផុត។ ចំណែកអ្នកធំ ឬ កូនចៅអ្នកមានអំណាចប៉ុណ្ណាក៏ដោយ ក៏ត្រូវគោរពច្បាប់ ក្រោមសមត្ថកិច្ចនគរបាលចរាចរណ៍ នៅតាមដងផ្លូវ គឺត្រូវធ្វើឲ្យស្មើភាពគ្នាដូចជា ប្រជាពលរដ្ឋទូទៅអញ្ចឹងដែរ។ បើប្រៀបធៀបម្យ៉ាងទៀត ទៅនឹងអ្នកប្រើប្រាស់ គ្រឿងញៀន ថ្វីត្បិតជាអំពើខុសក៏ពិតមែន តែវាមិនបណ្តាលឲ្យអ្នកញៀនថ្នាំទាំងនោះ ស្លាប់រាល់ថ្ងៃនោះទេ ការស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ អាចកាត់បន្ថយបានទាល់តែងយើងទាំងអស់នាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបាន១០០% ។
ក្នុងឱកាសនោះ សម្តេចបានផ្តល់មួកសុវត្តិភាព ជូនអ្នកចូលរួមទាំង ១,២០០នាក់ ទទួលបានមួកម្នាក់១ និងថវិកា៥ពាន់រៀល និងមានពិធីរាប់បាតប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលទៅឲ្យបានស្លាប់ទៅហើយនោះនិងសុំបួងសួងកុំមានស្លាប់មនុស្សបន្តទៀត ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងទឹកដីស្រុកមោងឫស្សី ខេត្តបាត់ដំបង៕