កូឡុំប៊ី៖អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៅប្រទេសកូឡុំប៊ីបាននិយាយថា គេបានរកឃើញប្រអប់ខ្មៅនៅក្នុងយន្តហោះដែលបានធ្លាក់នៅខាងក្រៅទីក្រុងម៉េដេលីន នៃប្រទេសកូឡុំប៊ីកាលពីថ្ងៃអង្គារដោយបានសម្លាប់មនុស្សចំនួន៧៦នាក់រួមទាំងក្រុមបាល់ទាត់ប្រេស៊ីលម្នាក់ផងដែរ។
មន្ត្រីអាជ្ញាធរអាកាសចរណ៍ស៊ីវិលបាននិយាយថា ពេលនេះពួកគេកំពុងធ្វើការស៊ើបអង្កេតគ្រប់ទិន្នន័យទាំងអស់នៅក្នុងប្រអប់ខ្មៅនេះ ខណៈក្រុមស្វែងរកនិងជួយសង្គ្រោះកំពុងបន្តប្រតិបត្តិការរបស់ខ្លួននៅកន្លែងធ្លាក់ជាបន្តទៀត។
នៅមុនពេលគ្រោះថ្នាក់នេះកើតឡើង គឺយន្តហោះ Avro RJ85 កំពុងធ្វើដំណើរកាលពីយប់ថ្ងៃចន្ទចេញពីទីក្រុងសានតាគ្រូសនៃប្រទេសបូលីវីទៅទីក្រុងម៉េដេលីននៃប្រទេសកូឡុំប៊ីដោយដឹកអ្នកដំណើរចំនួន៧២នាក់និងអាកាសយានិកចំនួន៩នាក់ហើយបានធ្លាក់នៅជិតទីក្រុងរីយ៉ូណេក្រូ (Rionegro) នៃប្រទេសកូឡុំប៊ី។
មន្ត្រីប៉ូលិសបាននិយាយថា មានអ្នករងរបួសចំនួន៥នាក់ ខណៈអ្នកដំណើរម្នាក់ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យ ហើយនៅលើយន្តហោះនេះគឺមានសមាជិកក្រុមបាល់ទាត់ឆាផេសិន (Chapecoense) ទាំងអស់នៃប្រទេសប្រេស៊ីលព្រមទាំងអ្នកកាសែតមួយចំនួនទៀតផងដែរ។
ពេលនេះអង្គភាពពន្លត់អគ្គិភ័យ មន្ត្រីប៉ូលិស និងបុគ្គលិកមកពីអង្គភាពកាកបាទក្រហមរាប់រយនាក់នៅប្រទេសកូឡុំប៊ីបាននិងកំពុងស្វែងរកនិងជួយសង្គ្រោះនៅកន្លែងធ្លាក់យន្តហោះនេះដោយសង្ឃឹមថានឹងអាចរកឃើញអ្នកនៅមានជីវិតបន្ថែមទៀត។
ទិន្នន័យយន្តហោះរបស់អាកាសចរណ៍ស៊ីវិលបានបង្ហាញឲ្យឃើញពីយន្តហោះនេះកំពុងហោះឆ្វែលជុំវិញប្រលានយន្តហោះរីយ៉ូណេក្រូនៅជិតទីក្រុងធំម៉េដេលីន បន្ទាប់មកយន្តហោះក៏បាត់ស្រមោលចេញពីប្រព័ន្ធរ៉ាដាតែម្ដង។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលនិយាយថា គេនៅមិនទាន់ច្បាស់ពីមូលហេតុនៃការធ្លាក់យន្តហោះនេះទេប៉ុន្តែតាមមន្ត្រីនៅប្រលានយន្តហោះបាននិយាយថា អ្នកបើកយន្តហោះបានប្រកាសគ្រាអាសន្នប្រាប់មន្ត្រីគ្រប់គ្រងផ្លូវហោះហើរថា «នៅយន្តហោះពួកគេមានបញ្ហាបច្ចេកទេសហើយ»៕