ឆេះ​កន្លែង​ស្នាក់នៅ​សិស្សស្រី​មួយកន្លែង​នៅ​តួ​ក​គី​ស្លាប់​មនុស្ស​១២​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2016 ក+ ក-

​តួ​ក​គី​៖​យ៉ាងហោចណាស់​មនុស្ស​១២​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​២២​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​កន្លែង​ស្នាក់នៅ​របស់​សិស្សស្រី​មួយកន្លែង​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​តួ​ក​គី​កាលពី​យប់មិញ​។
​អភិបាលក្រុង​អាដាណា ប្រទេស​តួ​ក​គី លោក Mahmut Demirtas បាន​និយាយថា គ្រូ​ម្នាក់ និង​សិស្ស​ចំនួន​១១​នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​អគ្គិភ័យ​មួយ​នេះ ហើយ​អ្នករងរបួស​ទាំង​ប៉ុន្មាន​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​មូលដ្ឋាន​មួយកន្លែង​។ លោក​បញ្ជាក់ថា នៅ​កន្លែង​ស្នាក់នៅ​របស់​កូនសិស្ស​ស្រី​នោះ​គឺមាន​មនុស្ស​ចំនួន​៣៤​នាក់​នៅពេល​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​អង្គារ​។​
​លោក​បាន​បញ្ជាក់ទៀតថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​នេះ​គឺ​ប្រហែលជា​បណ្ដាលមកពី​បញ្ហា​អគ្គិសនី ហើយ​មកដល់ពេលនេះ​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​ជម្លៀស​មនុស្ស​ចេញពី​កន្លែងកើតហេតុ​នេះ​អស់ហើយ​៕

8b5c32ad07b18a9509a20eb6ddeced6c_l