រាជធានីភ្នំពេញ៖កម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ-ខណ្ឌឫស្សីកែវបានចាប់ក្របួចមុខសញ្ញាចោរកម្ម២នាក់ត្រៀមខ្លួនចេញរកស៊ីនៅពេលរាត្រី និងដកហូតឧបករណ៍កាច់-កម៉ូតូមួយចំនួន កាលពីវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចលើកំណាត់ផ្លូវលេខ៩ ៣ កែងផ្លូវ៦៨ ស្ថិតក្នុងក្រុមទី១ ភូមិទួលសង្កែ សង្កាត់ទួសង្កែ ខណ្ឌឫស្សីកែវ ។
មន្ត្រីនគរបាលបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលមូលដ្ឋានយាមល្បាតនៅពេលរាត្រីបានប្រទះឃើញ និងដាក់ការសង្ស័យទៅលើជនសង្ស័យជិះម៉ូតូ១គ្រឿងតាមដងផ្លូវ ដោយមានការសង្ស័យក៏ធ្វើការឃាត់ដើម្បីត្រួតពិនិត្យស្រាប់តែរកឃើញសម្ភារៈកាច់-កសោ ម៉ូតូមួយឈុត ដែលមុខសញ្ញានេះ បានរក្សាលាក់ទុកបម្រុង យកទៅធ្វើសកម្មភាពចោរកម្មផ្សេងៗ តាមខ្នងផ្ទះប្រជាពលរដ្ឋទើបឈានដល់ការបង្ក្រាបតែម្ដង ដោយជាប់ពីបទលួចកាច់-កម៉ូតូ។ នគរបាលបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើម្នាក់ឈ្មោះ កើន រ័ត្ន (ហៅអាដំ) ភេទប្រុស អាយុ ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះជា ហៃ (ហៅចយ)ភេទប្រុស អាយុ៣៣ឆ្នាំ ជនសង្ស័យទាំង២នាក់ មានមុខរបរនិងស្នាក់នៅ មិនពិតប្រាកដ។
វត្ថុតាងត្រូវដកហូតរួមមាន៖ សោខ្សៀរលេខ៨មួយដើម ដែកចុងស្រួចកែរឆ្នៃប្រវែង៨ស.មមួយសម្រាប់ ដែកឆាបមួយដើ មប្រវែង២០ស.ម និងម៉ូតូ១គ្រឿងម៉ាក Susuki ស្មាស់ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១.០-៩៣២៤ផងដែរ។
ក្រោយឃាត់ខ្លួន មុខសញ្ញាចោរកម្មទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបញ្ជូនមកសាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការរដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕