ខេត្តព្រៃវែង៖នគរបាលស្រុកកំចាយមារបានឃាត់បុរសម្នាក់ពាក់ព័ន្ធករណីចាប់ក្មេងស្រីអាយុ៥ឆ្នាំម្នាក់រំលោភ បន្ទាប់ពីបុរសរូបនោះបបួលក្មេងស្រីម្នាក់ទៅបេះល្ពាក់ក្នុងព្រៃ។ ការចាប់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១ និង៥៦នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងព្រៃក្បែរភូមិបឹងព្រះ ឃុំគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
នគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ណាង ណៃ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបឹងព្រះ ឃុះគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ រីឯក្មេងស្រីរងគ្រោះទើបតែមានអាយុ៥ឆ្នាំប៉ុណ្ណោះ រស់នៅជាមួយជីដូន ដោយឪពុកម្ដាយបានលែងលះគ្នាហើយ។
នគរបាលបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យបានបបួលក្មេងស្រីរងគ្រោះទៅបេះផ្លែល្ពាក់នៅក្នុងព្រៃខាងលិចផ្ទះចម្ងាយប្រហែល១៧០ម៉ែត្រ ដោយជនសង្ស័យថាចាំឲ្យលុយ១៥០០រៀល តែពេលទៅដល់ក្នុងព្រៃក៏បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះតែម្តង ។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានចាប់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំចាយមារ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕